ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាមួយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានធ្វើឡើងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា៖ ដោយមានការឈ្លានពានពីទាហានថៃនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពិសេសនៅក្នុងខេត្តព្រះវិហារនិងខេត្តឧត្ដរមានជ័យ បានធ្វើឲ្យសាលារៀនមួយចំនួនត្រូវបានបិទទ្វារ ដែលធ្វើឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះត្រូវបានពន្យារពេល។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨សីហា តែឆ្នាំនេះយើងបានពន្យារពេលសម័យប្រឡងមកនៅថ្ងៃទី២៨ ខែសីហាវិញ។
លោកបន្តថា៖ ដោយសារខេត្ត២បានប្រឈមទៅនឹងការឈ្លានពានរបស់កងទ័ពថៃ ក្រសួងអប់រំ យុវជននិងកីឡាបានបង្កើតមណ្ឌលប្រឡងនៅក្នុងទីរួមខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណជា១០០គីឡូម៉ែត្រពីព្រំដែន ហើយសម្រាប់ខេត្តឧត្ដរមានជ័យយើងក៏បានដាក់មណ្ឌលប្រឡងនៅក្នុងស្រុកពួកខេត្តសៀមរាប ជាមួយនឹងការគិតគូរ ដល់បេក្ខជនពីការស្នាក់នៅ និងការជួយឧបត្ថម្ភដល់បេក្ខជនផងដែរ។
លោកក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋក៏ដូចជាសប្បុរសជននានាដែលបានជួយឧបត្ថម្ភទៅដល់ជនភៀសសឹក និងសិស្សានុសិស្សនៅពេលដែលចោរសៀមឈ្លានពាន។ នេះបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរហើយក៏បានបង្ហាញឲ្យឃើញពីការគាំទ្រចំពោះការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ក្នុងកិច្ចការពារបូរណភាពទឹកដី ដោយមិនឲ្យបាត់បង់ដីមួយមីលីម៉ែត្រណាឡើយ។ ក្រសួងអប់រំ យុវជននិងកីឡា បានឧបត្ថម្ភការស្នាក់នៅរបស់បេក្ខជនចំនួន៤កន្លែងនៅខេត្តឧត្ដរមានជ័យនិង២កន្លែងទៀតនៅខេត្តព្រះវិហារ ដោយផ្ដល់ថវិកាគាំទ្រក្នុងម្នាក់ៗចំនួន២ម៉ឺនរៀល។
លោកក៏បានបន្ថែមទៀតថា៖ក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ ប្រាក់ខែគ្រូបង្រៀនបានកើនឡើងដល់ជិត៣ដង។ ជាមួយគ្នានោះដែរ សិស្សដែលមាននិន្ទេស A B និងCបានចូលធ្វើជាគ្រូបង្រៀនប្រមាណ៧៥% នេះបង្ហាញឲ្យឃើញពីអ្នកមានសមត្ថភាព ចូលធ្វើជាគ្រូបង្រៀន។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែននិងបន្តមកសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត បានកសាងអគារសិក្សាបានចំនួន៤៥០០អគារ ហើយអគារដែលសាងសង់ដោយក្រសួងអប់រំយុវជននិងកីឡាមានប្រមាណ ១០០០អគារ។
លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា យុវជនយើងបច្ចុប្បន្ននេះពិតជាមានសមត្ថភាពល្អប្រសើរជាងមុន ដោយយើងបានរៀបចំជាសាលាគំរូ។ ពាក់ព័ន្ធនឹងសាលាគំរូនេះដែរ យើងនឹងរៀបចំឲ្យមានសាលាគំរូនេះពី៥០០ទៅ១០០០សាលានៅឆ្នាំ២០២៨ខាងមុខ ។ សាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ សិស្សានុសិស្សពិតជាមានសមត្ថភាព មិនចាញ់សិស្សនៅសិង្ហបុរីនោះទេ ពេលខ្លះសិស្សរបស់យើងមានសមត្ថភាពខ្លាំងជាងសិស្សនៅសិង្ហបុរី ទៀតផង ពិសេសគឺសិស្សនារី ហើយសូម្បីតែការនិយាយភាសាក៏មានលក្ខណៈល្អប្រសើរជាងសិស្សនៅសិង្ហបុរីដែរ។
លោក ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ក្នុងឱកាសនោះក៏បានមានប្រសាសន៍ផងដែរថា៖ សម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជា តែងបានសហការជាមួយនឹងក្រសួងអប់រំយុវជននិងកីឡាក្នុងការរៀបមណ្ឌលប្រឡងដោយបានជួយសម្របសម្រួលដល់ការស្នាក់នៅរបស់បេក្ខជនប្រឡងជាមួយនឹងការដាក់កម្លាំង ការពារម៉ូតូ កង់របស់បេក្ខជនកុំឲ្យពួកគាត់មានការព្រួយបារម្ភពីការបាត់បង់។
ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង៣៥មណ្ឌលក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចឱ្យផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អុីនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានាជុំវិញបរិវេណមណ្ឌលប្រឡងនិងមិនតម្រូវឱ្យបង់ប្រាក់សម្រាប់ ការផ្ញើកង់-ម៉ូតូនៅតាមមណ្ឌលប្រឡងឡើយ៕
