ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរ លោក លឿង គឿង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសខួបលើកទី៨០ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំ សូមចូលរួមអបអរសាទរ យ៉ាងកក់ក្តៅបំផុត និងជូនពរគ្រប់ប្រការចំពោះ ឯកឧត្តម និងតាមរយៈ ឯកឧត្តម ជូនចំពោះប្រជាជន វៀតណាមជាទីរាប់អាន។
ក្នុងរយៈពេលប្រាំបីទសវត្សរ៍កន្លងមកនេះ ក្រោមការដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់បក្សកុម្មុយនីស្តវៀតណាម, វៀតណាម សម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការកសាងរដ្ឋទំនើប និងប្រកបដោយវិបុលភាព។ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងឆាប់រហ័សរបស់វៀតណាម និងការរួមចំណែកយ៉ាងសកម្មចំពោះ សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក គឺពិតជាគួរឱ្យកោតសរសើរ។ ខ្ញុំ ជឿជាក់យ៉ាងមុតមាំថា វៀតណាមនឹងបន្តឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាប្រទេស ដែលមានប្រាក់ ចំណូលខ្ពស់នៅឆ្នាំ២០៤៥។
ប្រទេសកម្ពុជា និងវៀតណាមមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាយូរយារណាស់ មកហើយលើគ្រប់កម្រិត និងគ្រប់វិស័យ ក្រោមស្មារតីអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ ខ្ញុំ មានទំនុកចិត្តយ៉ាងមុតមាំថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែងរវាងប្រជាជាតិយើងទាំងពីរ នឹងត្រូវបានពង្រឹងបន្ថែមទៀតនៅក្នុងឆ្នាំខាងមុខ ដើម្បីផលប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជនយើង ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់របស់យើង និង សកលលោក។
សាជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម បន្តមានសុខភាពល្អ ជោគជ័យក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម និងជូនពរប្រជាជនវៀតណាម បន្តទទួលបាននូវសុភមង្គល និងវិបុលភាពជានិរន្តរ៍៕