ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតជូនពរ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសខួបលើកទី៨០ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំ សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ និងជូនពរគ្រប់ប្រការចំពោះ លោក និងតាមរយៈ លោក សូមជូនចំពោះបក្សកុម្មុយនីស្តវៀតណាម និង ប្រជាជនវៀតណាមជាទីរាប់អាន ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ឱកាសជាប្រវត្តិសាស្ត្រនេះ ឆ្លុះបញ្ចាំងពីកម្លាំង និងការឯកភាពរបស់ប្រជាជនវៀតណាម ក្នុងការកសាង ប្រទេសជាតិប្រកបដោយវិបុលភាព ទំនើប និងធន់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងខ្ជាប់ខ្ជួនរបស់បក្សកុម្មុយនីស្ត វៀតណាមក្នុងរយៈពេលប្រាំបីទសវត្សរ៍កន្លងមកនេះ។ ខ្ញុំ ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយ ចក្ខុវិស័យរបស់ លោក បក្សកុម្មុយនីស្តវៀតណាម នឹងបន្តដឹកនាំប្រទេសឆ្ពោះទៅរកចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។
កម្ពុជា ផ្តល់តម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយវៀតណាមលើ គ្រប់វិស័យ និងគ្រប់កម្រិតក្រោមស្មារតីអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ ខ្ញុំ មានទំនុកចិត្តយ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ដែលត្រូវបានថែទាំពូនជ្រំ និងពង្រឹងដោយថ្នាក់ដឹកនាំ និងប្រជាជន នៃប្រទេសយើងទាំងពីរ ពីមួយជំនាន់ទៅមួយជំនាន់ នឹងកាន់តែបន្តធ្វើឱ្យស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍ រួមរបស់ប្រជាជនយើង និងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
សាជាថ្មីម្តងទៀត សូម លោក ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ និងសូមគោរពជូនពរ លោក ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃបក្សកុម្មុយនីស្តវៀតណាម មានសុខភាពល្អ សុភមង្គល និងជោគជ័យជាបន្តបន្ទាប់ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម៕