សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិជូនពរ លោក Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសខួបលើកទី៦៨ ទិវាបុណ្យជាតិម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិជូនពរ លោក Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសខួបលើកទី៦៨ ទិវាបុណ្យជាតិម៉ាឡេស៊ី។

នៅក្នុង​សារលិខិត​របស់សម្តេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​ថា​ ក្នុងនាមអង្គការនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួន ខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុត និងសូមជូនពរ លោក រដ្ឋាភិបាល និងប្រជាជន ម៉ាឡេស៊ី ជាទីរាប់អាន ក្នុងឱកាសដ៏នក្ខត្តឫក្ស ខួបលើកទី៦៨ នៃទិវាបុណ្យជាតិម៉ាឡេស៊ី។

ខ្ញុំ សូមកោតសរសើរចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជន និងរដ្ឋាភិបាលម៉ាឡេស៊ី សម្រេចបានក្នុងការ ប្រែក្លាយម៉ាឡេស៊ីទៅជាប្រទេសមួយក្នុងចំណោមប្រទេសទំនើប និងវិបុលភាពបំផុតនៅក្នុងតំបន់អាស៊ី អាគ្នេយ៍។ ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ប្រទេសម៉ាឡេស៊ី នឹងបន្តរីកចម្រើន និង សម្រេចបានជោគជ័យកាន់តែធំធេងថែមទៀត និងដើរតួនាទីដ៏សំខាន់ទាំងក្នុងតំបន់ និងលើពិភពលោក។ ទន្ទឹមនឹងការបង្ហាញពីការដឹងគុណដ៏ជ្រាលជ្រៅរបស់កម្ពុជា ចំពោះតួនាទីរបស់ ម៉ាឡេស៊ី និងជាពិសេស តួនាទីរបស់ លោក ជាអន្តរការីដ៏សំខាន់នៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ នាពេលថ្មីៗ នេះ ខ្ញុំសូមអបអរសាទរដល់ប្រទេសម៉ាឡេស៊ី ចំពោះការដឹកនាំប្រកបដោយប្រសិទ្ធភាពក្នុងនាមជាប្រធាន អាស៊ាន ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «បរិយាបន្ន និងចីរភាព»។

ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលទំនាក់ទំនងទ្វេភាគីល្អប្រសើរ និងកិច្ចសហប្រតិបត្តិការដែល ផ្តល់ផលប្រយោជន៍ទៅវិញទៅមក បន្តរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ កម្ពុជាបន្តប្តេជ្ញាចិត្តមុតមាំក្នុងការ ពង្រឹង និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងដ៏វិសេសវិសាលដើម្បីឧត្តមប្រយោជន៍នៃប្រជាជនយើងទាំងពីរដែល រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងសហគមន៍អាស៊ានរបស់យើង និងក្នុងពិភពលោក។

ជាថ្មីទៀត សូម លោក ទទួលនូវសេចក្ដីរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមប្រសិទ្ធពរជូន លោក សូមបន្តបាននូវសុខភាពល្អ និងជោគជ័យ ព្រមទាំងសុខុមាលភាព និងវិបុលភាពសម្រាប់ប្រជាជនម៉ាឡេស៊ី ទាំងអស់៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print