ខេត្តកណ្តាល៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយនិងជួញ ដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកតារ័ត្ន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងបញ្ជារកម្លាំងជំនាញដោយមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គង់ ស៉ីដន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង អធិការដ្ឋាននគរបាលស្រុកកោះធំ ដឹកនាំដោយលោកអធិការ វរសេនីយ៍ឯក សុីម ឃាង បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ ខ្លួនជនសង្ស័យសរុប ០១នាក់។
+វត្ថុតាងចាប់យក៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក(Ice) ចំនួន០១កញ្ចប់តូច ទម្ងន់០,៣១g(សូន្យក្បៀសសាមសិបមួយក្រាម)។
២-ទូរស័ព្ទដៃ០១គ្រឿង Oppo ពណ៌ខៀវ។
៣-កញ្ចប់បារី Cocopalm ០១កញ្ចប់។
៤-ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន និងដែកកេះ០៤ដេីម។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕