ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៥នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តនៅវេលាម៉ោង០៩និង៥៧នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៥ ចំណុចក្រុមទី៨ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តម៉ាក NISSAN UD ប្រភេទបែនធុនធ្ងន់ ពាក់ផ្លាកលេខចង្កូតស្ដាំ PP-1989 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ ចំណែករថយន្តមួយគ្រឿងទៀតម៉ាក Highlander ពាក់ផ្លាកលេខ ភ្នំពេញ 2AR-5027 បើកបរដោយឈ្មោះ ហិន សុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរចំនួន០៤នាក់ ក្នុងទិសដៅស្របគ្នាបានជ្រុលមកបុកពេញទំហឹងបណ្តាលអោយរបួសធ្ងន់ស្រាលទាំង៥ នាក់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបាននគរបាលជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីដោះស្រាយតាមនីតីវិធី៕