សារព័ត៌មាន Reuters បានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ ទី៣០ ខែសីហា បានឱ្យដឹងថាមនុស្សយ៉ាងហោច ៣នាក់បានស្លាប់ និង៥នាក់បានរងរបួស បន្ទាប់ពីក្រុមបាតុករបានដុតភ្លើងបំផ្លាញអគារសភាមួយប្រចាំតំបន់ ខណៈបាតុកម្មតវ៉ាបានក្លាយជាការធ្វើតេស្ដដ៏ធំដំបូងបំផុតលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Prabowo Subianto។
នៅក្នុងសេចក្ដីថ្លែងការណ៍ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី មិនបានបញ្ជាក់ឱ្យច្បាស់ពីមូលហេតុនៃអ្នកស្លាប់ទាំង៣នាក់ខាងលើ ក្នុងគ្រោះអគ្គិភ័យកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ នៅក្នុងទីក្រុង Makassar, ជារដ្ឋធានីនៃខេត្ត Sulawesi ខាងត្បូងនោះទេ។ តាមទីភ្នាក់ងារនេះដដែល ជនរងគ្រោះដែលបានស្លាប់បានជាប់គាំងនៅក្នុងអគារដែលត្រូវបានភ្លើងឆេះ ហើយក្នុងចំណោមមនុស្ស៥នាក់ដែលរងរបួស មាន២នាក់របួស ដោយសារតែលោតចេញពីអគារ។
បាតុកម្មតវ៉ាបានផ្ទុះឡើងនៅរដ្ឋធានីហ្សាការតាក្នុងសប្ដាហ៍នេះ ជុំវិញការដំឡើងប្រាក់ឧបត្ថម្ភថ្លៃឈ្នួលផ្ទះឱ្យតំណាងរាស្ត្រម្នាក់ៗ ហើយបាតុកម្មបានផ្ទុះរាលដាលកាន់តែខ្លាំងកាលពីថ្ងៃសុក្រម្សិលមិញ បន្ទាប់ពី រថយន្ដប៉ូលិសបើកបុកសម្លាប់ជនស៊ីវិលម្នាក់ អំឡុងបាតុកម្មតវ៉ារបស់និស្សិតមួយក្រុមក្នុងរដ្ឋធានីហ្សាការតាកាលពីយប់ថ្ងៃព្រហស្បតិ៍។ ក្រុមបាតុករបានសម្ដែងការប្រឆាំងជំទាស់ទៅនឹងការដំឡើងប្រាក់ឈ្នួលផ្ទះ ឱ្យតំណាងរាស្ត្រក្នុងម្នាក់ដល់ជិត ៣ ០០០ដុល្លារក្នុងមួយខែ ពីលើប្រាក់បៀវត្សរ៍ ក្នុងពេលសេដ្ឋកិច្ចក្នុងប្រទេសឥណ្ឌូណេស៊ីកំពុងតានតឹង៕
រូបថត: tuoitre