ភ្នំពេញ៖ យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃសៅរ៍ទី៣០ ខែសីហា ឆ្នាំ២០២៥នេះ សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា យោងទៅលើការវិវត្តនៃព្យុះទី១៤ ឈ្មោះ ណងហ្វា (Nongfa) T2514 ក្នុងឆ្នាំ២០២៥ បានធ្វើឱ្យព្យុះ នេះមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ហើយបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេ មេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ប្រទេសកម្ពុជាពុំស្ថិតនៅក្នុង គន្លងផ្លូវដើររបស់ព្យុះទី១៤នេះទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ធាតុអាកាស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានដូចជាខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង កំពង់ចាម កំពង់ធំ ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ បរិមាណទឹកភ្លៀងនឹងកើនឡើងយ៉ាងគំហុក និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់ កន្ត្រាក់។ ចំណែកតំបន់មាត់សមុទ្រ និងឆ្នេរសមុទ្រ ដូចជាខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប នឹង មានរលកសមុទ្រខ្លាំងៗដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេស បងប្អូនដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល។ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕ដោយ៖តារា