ខេត្តកណ្ដាល ៖ សមត្ថកិច្ចក្រុងតាខ្មៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ក្រោយពីធ្វើឲ្យខូចខាតដោយចេតនានិងគំរាមកំហែងថានឹងសម្លាប់ជនរងគ្រោះត្រូវជាឪពុកបង្កើតនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៩និង៣០នាទី នៅចំណុចភូមិស្វាយពងអង្ក្រង សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះជាឪពុកឈ្មោះ អែល អូន អាយុ៨៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយពងអង្ក្រង សង្កាត់កោះអន្លង់ចិនក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិករ។
ចំណែកជនសង្ស័យជាកូនបង្កើតឈ្មោះ អន គឹមលាង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយពងអង្ក្រង សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិករត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ជនសង្ស័យវិជ្ជមានសារធាតុញៀនក្នុងទឹកនោម(+)។
វត្ថុតាងចាប់យករួមមាន៖ កាំបិតប៉័ងតោដងឈើ១ដើមនិងកាំបិតចុងស្រួចដងឈើ១ ដើម។
បេីតាមការបំភ្លឺរបស់ជនរងគ្រោះត្រូវជាឪពុកបង្កើតបានរៀបរាប់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៩និង៣០នាទី ជនសង្ស័យក្រោយពីផឹកស្រានិងប្រើប្រាស់ថ្នាំញៀនរួច មានសភាពបែកហើយបានមកអុកឡុករករឿងអ្នកផ្ទះដោយបានវាយបំបែកផើងផ្កា ទូទឹកកកនិងកាន់កាំបិតប៉័ងតោ,កាំបិតចុងស្រួច ស្រែកគំរាមប៉ុនប៉ងរកសម្លាប់ជនរងគ្រោះនិងអ្នករស់នៅក្នុងផ្ទះថែមទៀតផង។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កោះអន្លង់ចិន ដើម្បីឱ្យចុះឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកសួរនាំនិងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពធ្វើឲ្យខូចខាតដោយចេតនានិងគំរាមកំហែងថានឹងសម្លាប់ទៅលើជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕