ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសរំលេចពីតម្លៃនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលតម្រូវឱ្យមានការអត់ធ្មត់ ស្ងប់ស្ងៀម កុំឱ្យការផ្ទុះអាវុធ តែសកម្មខ្លាំងខាងផ្នែកការទូត។ ដូចមហាជនដឹងទាំងអស់គ្នា សូរគ្រាប់កាំភ្លើងបានស្ងប់ស្ងាត់រយៈពេលជាង១ខែហើយ ពោលគឺចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងឈប់បាញ់នេះ កើតឡើងដោយសារតែគំនិតផ្តួចផ្ដើម និងការសម្របសម្រួលដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ជេ ត្រាំ តាមរយៈកិច្ចប្រជុំពិសេសនៅទីក្រុងពូត្រាឆាយ៉ា ដែលមានប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានធ្វើជាម្ចាស់ផ្ទះ ហើយនិងមានការចូលរួមយ៉ាងសកម្មពីប្រទេសចិន។
ក្នុងសន្នីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ លោក ប៉ែន បូណា បានរម្លឹកបន្ថែមថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក រាល់វិនាទី រាល់នាទី រាល់ម៉ោង និងរាល់ថ្ងៃ យើងអាចទប់ស្កាត់បានមិនឱ្យមានមនុស្សស្លាប់ មិនឱ្យមានមនុស្សរបួស មិនឱ្យមានការខូចខាតថ្មីៗទៀត ទាំងផ្នែកយោធា និងស៊ីវិល។
លោកអ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា «នេះគឺជាហេតុផលដែលរាជរដ្ឋាភិបាលខិតខំគោរពកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងម៉ឺងម៉ាត់។ ពីព្រោះអ្វី ពីព្រោះថ្នាក់ដឹកនាំរបស់យើងផ្ដល់តម្លៃខ្ពស់ដល់ជីវិតមនុស្ស និងសុខសន្តិភាពសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលមិនដែលធ្វេសប្រហែសសូម្បីតែ១វិនាទីឡើយ ចំពោះការការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ខ្ញុំសូមកត់សម្គាល់ថា នៅពេលដែលបទឈប់បាញ់ចូលជាធរមាន ការផ្ទុះអាវុធមិនមែនជាមធ្យោបាយដើម្បីដោះស្រាយបញ្ហាទៀតឡើយ»។ ផ្ទុយទៅវិញ បើមានការផ្ទុះអាវុធជាយថាហេតុណាមួយកើតឡើង ភាគីដែលបង្កនឹងក្លាយជាអ្នកបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ បំផ្លាញសន្តិភាព និងបំផ្លាញកិច្ចខិតខំប្រែងការទូតទាំងឡាយដែលបានធ្វើកន្លងមក ហើយមិនត្រឹមតែបាត់បង់ការគាំទ្រពីអន្តរជាតិប៉ុណ្ណោះទេ តែប្រទេសនោះក៏នឹងត្រូវគេដាក់ឱ្យទទួលខុសត្រូវចំពោះសោកនាដកម្មនានាដែលកើតឡើង។ ហេតុដូច្នេះហើយបានជានៅក្នុងដំណាក់កាលនៃការអនុវត្តបទឈប់បាញ់សមរភូមិប្រដាប់អាវុធត្រូវបង្វែរមកជាសមរភូមិការទូតវិញ និងកិច្ចពិភាក្សាគ្នារកដំណោះស្រាយដោយសន្តិវិធី។
សូមជម្រាបជូនថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា ថៃ GCB កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិកម្ពុជា ថៃ RBC ដែលបានធ្វើជាបន្តបន្ទាប់កន្លងទៅនេះ និងគម្រោងដែលនឹងបន្តធ្វើនាពេលខាងមុខនេះ គឺជាឧទាហរណ៍ស្រាប់។ ក្រៅពីកិច្ចប្រជុំទាំងនោះ សកម្មភាពការទូតក៏បានធ្វើយ៉ាងមមាញឹកដែលមានដូចជា ការៀបចំដំណើរបេសកកម្មរបស់អង្គទូត ក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្ន IOT(Interim Observer Team) ដែលមានសមាសភាពជាអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាត្រូវបានរៀបចំឡើងជាច្រើនលើកច្រើនសាទៅកាន់តំបន់ព្រំដែនមានជម្លោះ និងទីតាំងដែលមានការខូចខាត ការប្រាស្រ័យទាក់ទងគ្នាជាប្រចាំរវាងថ្នាក់ដឹកនាំកំពូលកម្ពុជា ម៉ាឡេស៊ី ថៃ ក៏នៅតែបន្តធ្វើ ការរៀបចំកិច្ចប្រជុំជាមួយអង្គទូតនានាប្រចាំកម្ពុជា ក៏ត្រូវបានរៀបចំធ្វើជាច្រើនលើក ខណៈដែលជំនួបជាច្រើនទៀត ត្រូវបានធ្វើនៅឯក្រៅប្រទេសដើម្បីបង្ហាញពីការពិតដល់សហគមន៍អន្តរជាតិ។
ការតវ៉ានិងកំណត់ទូតទៅកាន់ភាគីថៃ និងភាគីពាក់ព័ន្ធក៏ត្រូវបានធ្វើជាច្រើនលើកច្រើនសា ចំណែកថ្នាក់ដឹកនាំកំពូលរបស់យើងវិញមិនថានៅក្នុងប្រទេសឬក្រៅប្រទេសទេ តែងតែធ្វើសកម្មភាពការទូតយ៉ាងសកម្មបំផុតពាក់ព័ន្ធជម្លោះព្រំដែននេះ អាចនិយាយដោយខ្លីថា គ្រប់មធ្យោបាយការទូតទាំងអស់ និងច្បាប់អន្តរជាតិត្រូវបានប្រើប្រាស់យ៉ាងសកម្ម។
បន្ថែមពីនេះ លោក ប៉ែន បូណា ក៏បានបញ្ជាក់ជូនថា ដំណោះស្រាយបញ្ហាព្រំដែនគឺត្រូវឈរលើយន្កការបច្ចេកទេសច្បាប់ដែលមានការទទួលស្គាល់ជាអន្តរជាតិ ហើយដែលមានការព្រមព្រៀងពីភាគីទាំងពីរ មិនអាចមានភាគីណាមួយទៅកំណត់ព្រំដែនជាឯកតោភាគីបានឡើយ។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលផ្ដោតខ្លាំងទៅលើសកម្មភាពការទូត និងច្បាប់អន្តរជាតិ ដោយសារនេះជាជម្រើសល្អបំផុត ពីព្រោះវាជាជម្រើសដែលអាចការពារបូរណភាពទឹកដីផង និងការពារសន្តិភាពផង៕ដោយ៖តារា