មានការបំផ្ទុះគ្រាប់បែកនៅក្នុងផ្សាររាត្រី ក្នុងទីក្រុង Davao ភាគខាងត្បូងប្រទេសហ្វ៊ីលីពីននៅវេលាម៉ោង២២និង២០នាទីយប់ថ្ងៃទី០២ ខែកញ្ញា សម្លាប់មនុស្ស ១២នាក់ និងជាង៦០នាក់រងរបួស។
លោក Martin Andanar មន្ត្រីព័ត៌មានរបស់ប្រធានាធិបតីហ្វ៊ីលីពីនបានឲ្យដឹងថា ការផ្ទុះខាងលើគឺជាការវាយប្រហារភេរវកម្ម។ លោកបន្តទៀតថា ក្រុមស្រាវជ្រាវបានរកឃើញបំបែងគ្រាប់បែក គឺជាគ្រាប់បែកកែឆ្នៃ។
លោក Martin Andanar បញ្ជាក់ទៀតថា ការវាយប្រហារខាងលើអាចបណ្តាលមកពីក្រុមជួញដូរគ្រឿងញៀន ដែលខឹងសម្បានិងប្រធានាធិបតីកម្ចាត់ក្រុមជួញដូរគ្រឿងញៀនយ៉ាងព្រៃផ្សៃបំផុត។ ទាំងនោះហើយអាចធ្វើឲ្យក្រុមខាងលើចងកំនុំជាមួយរដ្ឋាភិបាល។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា បានឮស៊ូសម្លេងផ្ទុះយ៉ាងខ្លាំងចេញពីកណ្តាលផ្សាតែម្តង ។ អភិបាលរងក្រុមDavao លោក Paolo Duterte បានឲ្យដឹងថា ឪពុករបស់គាត់គឺជាប្រធានាធិបតី Rodrigo Duterte ក៏មានវត្តមាននៅទីក្រុងខាងលើដែរពេលការផ្ទុះកើតឡើង ប៉ុន្តែលោកមានសុវត្ថភាព ។ នៅមុនពេលបោះឆ្នោតប្រធានាធិបតី ហ្វ៊ីលីពីន លោក Duterte ជាអភិបាលទីក្រុង Davao ។
ក្រុមអ្នកឯកទេសបញ្ជាក់ថា ហ្វ៊ីលីពីនកំពុងប្រឈមនិងអសន្តិសុខនៅក្នុងសង្គមក្រោយពេលដែល ក្រុមជួញដូរគ្រឿងញៀនដែលបាត់បង់ផលប្រយោជន៍របស់ខ្លួននោះបាននាំគ្នាបើកការវាយប្រហារទៅលើទីតាំងសំខាន់ៗ ដែលជាការគម្រាមដល់ប្រធានាធិបតីឲ្យបោះបង់សង្គ្រាមប្រឆាំងគ្រឿងញៀន៕
ប្រែសម្រួល៖ ម៉ែវ សាធី