ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៣១ សីហា ឆ្នាំ២០២៥ មានគ្រោះអគ្គិភ័យឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋដល់ ទៅ២កន្លែង ក្នុងនោះមាន១កន្លែងនៅស្រុកព្រៃឈរ និង ១កន្លែងទៀត នៅស្រុកកំពង់សៀមតែករណីនេះ មិនបណ្ដាលឡើយនរណាម្នាក់រងគ្រោះថ្នាក់ដល់បាត់បង់អាយុជីវិតនោះទេ ដោយគ្រាន់តែបាត់បង់ទ្រព្យសម្បត្តិប៉ុណ្ណោះ ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ចំពោះករណីទី១បានកើត ឡើង នៅថ្ងៃទី៣១ សីហា ឆ្នាំ២០២៥ វេលាម៉ោង១០ ព្រឹក មានករណីអគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ ស៊ុន យឿង ភេទប្រុស អាយុ ៦០ឆ្នាំ នៅភូមិអូរសង្កែ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ចំពោះមូលហេតុ: ដោយថ្ងៃជាថ្ងៃសីល ម្ចាស់ផ្ទះបានដុតធុបទៀន ទុកចោលនៅលើផ្ទះ ហើយពួកគាត់ចុះមកធ្វើ ការងារនៅខាងក្រោមផ្ទះ ។ បន្ទាប់មកស្រាប់តែមានភ្លើងឆាបឆេះផ្ទះផ្នែកខាងលើ ដែលមាន០១ខ្នងទំហំ ៦×៨ម៉ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តា ចាក់សាបបេតុងខាង ក្រោម ខូចខាតទាំងស្រុង ។
ដោយឡែកសម្ភារៈខូចខាតរួមមាន÷ប្រាក់ចំនួន ៧, ៧០០,០០០ រៀល, ខ្សែកមាសទម្ងន់ ៥ជីមួយខ្សែ, ប្រាក់ដុល្លារចំនួន៧០០ដុល្លារ, ទូទឹកកក ០១, ទូដាក់សម្ភារៈ ០១, ទូដាក់ខោអាវ០១, ទូដាក់ចានឆ្នាំង០១, ទូរស័ព្ទដៃម៉ាក់ vivo ២គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួនទៀត ករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ។
ចំណែកអគ្គិភ័យនេះ បានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ សហការជាមួយកម្លាំងពន្លត់អគ្គិភ័យនគរបាលស្រុកព្រៃឈរ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០២គ្រឿង ។
ករណីទី២ កើតឡើង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១និង៤០នាទីរសៀល មានករណីអគ្គិភ័យ (ឆេះផ្ទះ) ស្ថិតនៅចំណុចភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
អគ្គិភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង២និង ០៥នាទី ដោយប្រើប្រាស់ឡានពន្លត់អគ្គិភ័យ១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុក ។
ម្ចាស់ផ្ទះឈ្មោះ ស្រន់ ផល្លី ភេទស្រី អាយុ៤៧ឆ្នាំ ។ ករណីនេះបណ្ដាលឱ្យខូចខាត ផ្ទះមានទំហំ ៥x៦ម៉ែត្រ ផ្ទះថ្មប្រក់ស័ង្កសី (ឆេះតែក្នុងបន្ទប់ដាក់អាសនៈ) សម្ភារៈប្រើប្រាស់មួយចំនួនមានដូចជា តុ២ កង្ហារ១គ្រឿង ប្រាក់រៀលចំនួន ១,៦០០,០០០រៀល ។ មូលហេតុដោយឆ្លងចរន្តអគ្គិសនី ។
ករណីនេះ មិនបណ្ដាលឲ្យឆ្លងរាលដាលដល់ផ្ទះអ្នក ជិតខាង ហើយក៏មិនបណ្ដាលឲ្យរបួសដល់មនុស្សសត្វនោះឡើយ ៕