បាតុកម្មក្លាយជាងហិង្សា ស្លាប់៦នាក់ រដ្ឋាភិបាលរឹតបន្តឹងសន្តិសុខ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា អាជ្ញាធរឥណ្ឌូណេស៊ី បានរឹតបន្តឹងសន្តិសុខនៅថ្ងៃចន្ទ ទី១ ខែកញ្ញា បន្ទាប់ពីមនុស្ស៦នាក់បានស្លាប់ ក្នុងបាតុកម្មតវ៉ាប្រឆាំងនឹងការផ្ដល់អត្ថាប្រយោជន៍ហិរញ្ញវត្ថុដល់ អ្នកតំណាងរាស្ត្រ ដែលបានប្រែក្លាយជាកំហឹងដ៏ហិង្សាប្រឆាំងនឹងកងកម្លាំងប៉ូលិស។

បាតុកម្មតវ៉ាបានផ្ទុះឡើងនៅរដ្ឋធានីហ្សាការតា កាលពីសប្ដាហ៍មុន ជុំវិញការដំឡើងប្រាក់ឧបត្ថម្ភថ្លៃឈ្នួលផ្ទះឱ្យតំណាងរាស្ត្រ ហើយបាតុកម្មបានផ្ទុះរាលដាលកាន់តែខ្លាំង កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បន្ទាប់ពីរថយន្ដប៉ូលិសបើកបុកសម្លាប់យុវជនជាអ្នកដឹកឥវ៉ាន់ម្នាក់ឈ្មោះ Affan Kurniawan អំំឡុងបាតុកម្មរបស់និស្សិតមួយក្រុម ក្នុងរដ្ឋធានីហ្សាការតា កាលពីយប់ ថ្ងៃព្រហស្បតិ៍។ ក្រុមបាតុករបានសម្ដែងការប្រឆាំងជំទាស់ទៅនឹងការដំឡើងប្រាក់ឈ្នួលផ្ទះឱ្យតំណាងរាស្ត្រក្នុងម្នាក់ដល់ជិត ៣ ០០០ដុល្លារក្នុងមួយខែ ពីលើប្រាក់បៀវត្សរ៍ ក្នុងពេលដែលសេដ្ឋកិច្ចក្នុងប្រទេសឥណ្ឌូណេស៊ីកំពុងតានតឹង។
ចាប់តាំងពីពេលនោះមក បាតុកម្មតវ៉ាបានផ្ទុះរាលដាលចេញពីរដ្ឋធានីហ្សាការតាទៅកាន់ទីក្រុងផ្សេងទៀតរួមមាន Yogyakarta, Bandung, Semarang និង Surabaya ស្ថិតនៅក្នុងខេត្តជ្វា រួមទាំងទីក្រុង Medan ខេត្តស៊ូម៉ាត្រខាងជើង (North Sumatra) ដែលនេះជាបាតុកម្មដ៏អាក្រក់បំផុតចាប់តាំងលោកប្រធានាធិបតី Prabowo Subianto ឡើងកាន់អំណាចមក។ ប្រឈមមុខនឹងការខឹងសម្បារពីសំណាក់ក្រុមបាតុករ លោក Prabowo បានយល់ព្រមលុបចោលការផ្ដល់អត្ថាប្រយោជន៍ហិរញ្ញវត្ថុដល់អ្នកតំណាងរាស្ត្រ។
តែទោះជាបែបនេះក្ដី ប៉ូលិសបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅទូទាំងរដ្ឋធានីហ្សាការតានៅថ្ងៃចន្ទនេះ ហើយអ្នកនាំពាក្យប៉ូលិសម្នាក់បានប្រាប់ទូរទស្សន៍ Kompas TV ថាមន្ត្រីប៉ូលិស ក៏កំពុងធ្វើប្រតិបត្តិការល្បាតផងដែរកាលពីថ្ងៃអាទិត្យ ដើម្បីការពារជនស៊ីវិល ជាមួយការដាក់ពង្រាយរថយន្ដពាសដែក និងម៉ូតូប៉ូលិសជាច្រើនគ្រឿងជាការបង្ហាញកម្លាំង បញ្ជូនសារព្រមានទៅកាន់ក្រុមបាតុករ។
វិបត្តិនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានបង្ខំឱ្យលោក Prabowo លុបចោលគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងសប្ដាហ៍នេះ ដើម្បីចូលរួមពិធីព្យុហយាត្រា យោធាក្នុងទីក្រុងប៉េកាំង ក្នុងឱកាសប្រារព្ធខួបនៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២ និងការចុះចាញ់សង្រ្គាមរបស់ជប៉ុន។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Sjafrie Sjamsoeddin បានព្រមានកាលពីថ្ងៃអាទិត្យថាយោធា និងប៉ូលិស នឹងចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងនឹងជនឆ្លៀតឱកាសលួចឆក់ប្លន់ បន្ទាប់ពីមនុស្សមួយក្រុមសម្រុលចូលលួចរបស់របរ ក្នុងផ្ទះរដ្ឋមន្ត្រីហិរញ្ញវត្ថុ៕

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print