ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នាព្រឹកថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។
អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖
-អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើ សន្ធិសញ្ញាស្តីពីតំបន់អាស៊ី
-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ដោយសហការជាមួយ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន ៕