លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ រំលឹកភាគីថៃគោរពស្មារតី នៃកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ បានរំលឹកឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួនដូចកម្ពុជាដែរនូវរាល់កិច្ចព្រមព្រៀងទាំងឡាយ ដែលបានឯកភាពគ្នានាពេលកន្លងទៅជាពិសេសគឺកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដារវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងស្មារតីឯកភាពនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃGBCទាំង១៣ចំណុច និងកិច្ចប្រជុំជាបន្តបន្ទាប់ទៀតនៃគណៈកម្មាធិការព្រំដែនកម្ពុជា និងថៃ RBCជាដើមនោះ រួមទាំងធ្វើការដោះលែងទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅ ឲ្យមកកម្ពុជាវិញផងដែរ ខណៈក្រុមគ្រួសាររបស់ពួកគេរងចាំទាំងយប់ទាំងថ្ងៃ។

លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ បានថ្លែង​តាមរយៈសន្និសីទប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះថា ក្នុងរយៈពេលជាង៣០ថ្ងៃនេះកិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់បំផុតរាល់គ្រប់ចំណុចទាំងអស់ ដែលបានឯកភាពគ្នាជាមួយភាគីថៃ ខណៈកម្ពុជាចាត់ទុកថា ការផ្តល់តម្លៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ គឺជាការឆ្លុះបញ្ចាំងពីការផ្តល់តម្លៃដល់ជីវិតមនុស្ស បេះដូងស្រលាញ់សន្តិភាព និងអ្នកជិតខាងល្អជាដើម។

លោកស្រី​អ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់ថា​ កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយរាល់បញ្ហាទាំងឡាយដោយសន្តិវិធី ស្មោះត្រង់ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានជាដើម។

ជាមួយគ្នានេះ​ លោកស្រី​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ក៏បានបន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃធ្វើការដោះលែងទាហានកម្ពុជាទាំង១៨ នាក់មកម្ពុជាវិញស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ និងតាមការទាមទាររបស់សហគមន៍អន្តរជាតិ ខណៈគិតមកដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះគឺមានរយៈពេល៣៤ថ្ងៃហើយបន្ទាប់ពីថៃ បានចាប់ពួកគេទៅដោយខុសច្បាប់ និងកំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print