ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីឆេះពិដាននៅឃ្លាំងកំពុងតែជួសជុលមួយកន្លែងផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១និង៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញាឆ្នាំ២០២៥ នៅចំណុចឃ្លាំងកំពុងជួសជុលមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវ ភ្នំពេញហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកេីតហេតុ គឺឃ្លាំងខាងលើ បានបិទទ្វារ ហើយឃ្លាំងនេះកំពុងតែជួសជុល ដោយមិនទាន់ដំណើរការធ្វើអ្វីមួយនោះទេ ។
ប្រភពបន្តទៀតថាលុះដល់ពេលកេីតហេតុ ពួកគាត់ជាប្រជាពលរដ្ឋរស់ក្បែរនោះ បានឃើញមានហុយផ្សែងចេញពីឃ្លាំងខាងលើដោយមិនដឹងមូលហេតុ ទេីបនាំគ្នាឆោឡោ រាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចដើម្បីសុំជំនួយរថយន្តពន្លត់អគ្គីភ័យ និងអ្នកខ្លះទៀត បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់អស់ជាច្រើនបំពង់ ទេីបធ្វើអោយស្ងប់ផ្សែងទៅវិញ តែដោយមិនអស់ចិត្តសមត្ថកិច្ចសំរេចបាញ់ទឹកអស់១រថយន្ត ដេីម្បីអោយអស់ចម្ងល់និងពន្លត់អគ្គីភ័យអោយរលត់ជាស្ថាពរទៅវិញនៅវេលាម៉ោង១និង៥០នាទីយប់ថ្ងៃដដែលវិញ ។
ករណីនេះផងដែរ មិនបង្កឲ្យមានការរាលដាលដល់ផ្ទះប្រជាពលផ្សេងនោះទេ គឺគ្រាន់តែខូចខាតពិដានតែប៉ុណ្ណោះ ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕
ដោយ៖ ជ្រោយពេជ្រ