ខេត្តបាត់ដំបង÷ ទឹកស្ទឹងសង្កែកំពុងទទួលរងឥទ្ធិពលជំនន់ទឹកភ្លៀង ដែលបានធ្លាក់យ៉ាងខ្លាំងនៅឯក្បាលស្ទឹង គឺនៅក្នុងស្រុកសំឡូត ដែលរហូតមកទល់ពេល នេះ ទឹកស្ទឹងកំពុងហក់ឡើងយ៉ាងខ្លាំង និងលឿនដែលធ្វើឲ្យកម្ពស់ទឹកឡើងផុតពីកម្រិតប្រកាសអាសន្ន។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀងបានជន់លិចឃុំចំនួន៣ ក្នុងស្រុកសំឡូត គឺឃុំសំឡូត,តាសាញ និងឃុំតតោក ដែលបានលិចផលដំណាំ ផ្លូវថ្នល់ និងលំនៅឋានប្រជាពលរដ្ឋមួយចំនួន ដែលជំនន់ទឹកភ្លៀងនេះ បានបន្តធ្លាក់មកក្នុងស្ទឹងសង្កែ នឹងធ្វើឲ្យទឹកស្ទឹងចាប់ផ្ដើមជន់ជាបណ្ដើរៗ និងលឿនជាទីបំផុត។
នៅព្រឹកថ្ងៃទី២ ខែកញ្ញានេះគេសង្កេតថា ទឹកស្ទឹងមានសភាពពេញប្រៀប នឹងអាចហូរចេញនៅចំណុចណាដែលមាត់ជ្រាំងមានសភាពទាបជាងគេ។ ព្រោះបើតាមកម្ពស់ទឹកអាចដល់កម្រិតដែលត្រូវប្រកាសអាសន្ន។
លោក ខៃ សុដា ប្រធានស្ដីទីនៃមន្ទីរធនធានទឹក និង ឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២កញ្ញានេះថា នៅព្រឹកនេះទឹកស្ទឹងមានកម្ពស់ ១,៧៦ ម៉ែត្រ ដែលលើសពីកម្រិតប្រការសន្ន គឺត្រឹមតែ ១,៧០ ម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងកម្រិតកម្ពស់នេះ គឺជាកម្ពស់ចុងក្រោយនៃជម្រាលទឹក ព្រោះបែកខាងលើស្ទឹងក៏រាំងភ្លៀង ហើយទ្វារទឹកទំនប់កង្ហត ក៏បានទម្លាក់ចុះជាបណ្ដើរៗហើយដែរ ចំណែកទ្វារទឹកសាលាតាអន ក៏បានបើកចំហយ៉ាងពេញទំហឹង ដើម្បីឲ្យទឹកធ្លាក់ឆ្ពោះ ទៅកាន់ទន្លេសាប ដូច្នេះទឹកអាចស្រកវិញនៅពេលល្ងាចនេះ តែផលដំណាំរបស់ប្រជាកសិករមួយចំនួននៅស្រុកឯកភ្នំ អាចមានការប៉ះពាល់បន្តិចបន្តួច ព្រោះដោយ សារតែផលស្រូវគឺកសិករបានប្រមូលអស់ប្រមាណ ៩០% រួចទៅហើយ។
បើទោះបីជាយ៉ាងនេះក្តីក៏លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលសាងសង់នៅតាមបណ្ដោយដងស្ទឹងសង្កែគឺដាច់ខាតត្រូវតែប៉ះពាល់ ១០០% នេះបើយោងទៅតាមកម្រិតទឹកដែលឡើងហួសពីកម្រិតប្រកាសអាសន្ន៕