រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ Geely Talent Development Group ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ Geely Talent Development Group ដឹកនាំដោយលោក Prof. Dr. Devin Lu Dan អគ្គនាយក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Geely Talent Development នៃសាធារណៈរដ្ឋប្រជាមានិតចិន និងមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ជំនួបនេះមានគោលបំណង ដើម្បីពិភាក្សាពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ១) សម្រាប់គម្រោងអប់រំ “3-TransX Campus” ដែលជាកម្មវិធី Online smart learning platform ២) ពិនិត្យលទ្ធភាពដើម្បីកំណត់គោលដៅរួមគ្នា និងកំណត់គម្រោងសហការសាកល្បងដែលមានសក្តានុពល ជាពិសេសរួមសហការគ្នារៀបចំផែនទីបង្ហាញផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាលការអប់រំឌីជីថល។

ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យបណ្ឌិត នាយកប្រតិបត្តិ បានឱ្យដឹងថា ក្រុមហ៊ុន Geely Talent Development Group ជាសហគ្រាសផលិតរថយន្ត Geely Auto Group ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Geely Holding Group ដែលស្ថិតក្នុងចំណោមសហគ្រាសលំដាប់កំពូលទាំង៥០០នៅលើពិភពលោក។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានគ្រឹះស្ថានផ្តល់សេវាកម្មអប់រំកម្រិតឧត្តមសិក្សា និងគ្រឹះស្ថាននវានុវត្តន៍ ស្របតាមទិសដៅ យុទ្ធសាស្ត្របន្ស៊ីគ្នារវាងសហគ្រាសនិងគ្រឹះស្ថានសិក្សា ដោយក្នុងនោះរួមមាន វិទ្យាស្ថាន AI ដែលបណ្ដុះបណ្ដាលធនធាមនុស្សតាមរយៈអនឡាញ និងនៅក្នុងថ្នាក់រៀនផ្ទាល់ ជាពិសេសសម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្រុមហ៊ុនបានរៀបចំ (១) មានមូលនិធិសម្រាប់គាំទ្រដល់គម្រោងរបស់និស្សិតកម្ពុជាដែលមានសក្ដានុពល (២) ថ្នាលឌីជីថលអនឡាញដែលអនុញ្ញាតឱ្យនិស្សិតកម្ពុជាប្រើប្រាស់បានដោយមិនគិតថ្លៃ។

ជាការឆ្លើយតប លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមស្វាគមន៍យ៉ាងកក់ចំពោះការអញ្ជើញមកដល់កម្ពុជារបស់ប្រតិភូក្រុមហ៊ុន Geely Talent Development ដោយបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ដែលបានឈានដល់កម្រិតជាយុទ្ធសាស្ត្រក្នុងបង្កើតកិច្ចសហប្រិតិបត្តិការរួមគ្នាលើគ្រប់វិស័យ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានកំណត់អាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស ខណៈកម្ពុជាមានចំនួនយុវជនច្រើនដែលត្រូវការជំនាញខ្ពស់ សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ ព្រមទាំងកំពុងផ្តោតការយកចិត្តទុកដាក់បង្កើតប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម និងមានបំណងចង់សហការជាមួយសហគ្រាសធំៗដែលមានទំនួលខុសត្រូវខ្ពស់។ ក្នុងន័យនេះ សូមផ្តល់អនុសាសន៍ចំនួន២ ៖ ទី១) ពិនិត្យលទ្ធភាពគម្រោងសាកល្បង ដែលមានគាំទ្រដល់ថាមពលបៃតង ក្នុងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនៅកម្ពុជា ទី២)ពង្រីកវិសាលភាពក្នុងវិស័យសហប្រតិបត្តិការ តាមរយៈការបណ្តុះបណ្ដាលរួមគ្នា ដើម្បីបន្ស៉ីគ្នាជាមួយផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ Geely Talent Development Group ចំពោះគំនិតផ្តួចផ្តើមផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានា គាំទ្រដល់ការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្ស ឆ្លើយតបនឹងចក្ខុវិស័យរាជរដ្ឋាភិបាលក្នុងការជំរុញឱ្យពលរដ្ឋម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង២០៥០ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print