ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ និងមន្ទីរអង្គភាពជំនាញ អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធលូរំដោះទឹកភ្លៀង និងគម្រោងជួសជុលកែលម្អសួនច្បារ ការដាំដើមឈើ ដើមផ្កាលម្អ នៅតាមបណ្តោយផ្លូវភ្លោះ ស.ស.យ.ក ខេត្ត ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។
បន្ទាប់ពីអញ្ជើញចុះពិនិត្យ និងសិក្សាលទ្ធភាពដោយផ្ទាល់ លោកអភិបាលខេត្ត ក៏បានចាត់ឱ្យមន្ទីរ សាធារណការ និងដឹកជញ្ជូន មន្ទីរបរិស្ថាន និងអាជ្ញាធរក្រុង សហការអនុវត្តការងារខាងលើនេះ ចាប់ពីថ្ងៃនេះតទៅ សំដៅធ្វើយ៉ាងណា ពង្រីកសោភណភាពក្រុងឱ្យកាន់តែមានភាពស្រស់បំព្រង គួរជាទីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាកំសាន្ត និងការត្រៀមខ្លួនចូលរួមប្រឡងប្រណាំងជ័យលាភីទីក្រុងស្អាត ក៏ដូចជាការរក្សាឱ្យបាននូវខ្សែក្រវាត់ជ័យលាភី “ទីក្រុងស្អាត រំដួល៣ទង” ដែលយើងធ្លាប់ទទួលបាន២ អាណត្តិជាប់ៗគ្នា៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម