ខេត្តកណ្ដាល៖ យុវជន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីចុះធ្វើរដ្ឋបាលត្រួត ពិនិត្យផ្ទះជួល ហើយរកឃើញថាពួកគេកំពុងប្រមូលផ្ដុំគ្នារក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ជន សង្ស័យទាំងអស់សុទ្ធតែមានសារធាតុញៀនក្នុងខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៥និង០៥នាទី នៅផ្ទះជួលក្នុងភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល។
យោងតាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ឡន ម៉េងលាង ភេទប្រុស អាយុ២១ឆ្នាំ,ឈ្មោះ រ៉ន រាជ ភេទប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ ហុង លីហ័ន ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ អ៊ុត នីសា ភេទប្រុស អាយុ ១៨ឆ្នាំ។ សមត្ថកិច្ចបានដកហូតវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន ១កញ្ចប់តូច ដែលមានទម្ងន់ ០,១៥ក្រាម, ទូរស័ព្ទដៃ ៤គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប្រភពដដែលបានបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នួល រួមមានកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលំហាច បានចុះធ្វើរដ្ឋបាលតាមផ្ទះជួល។ ពេលទៅដល់ផ្ទះជួលរបស់ឈ្មោះ ហុង លីហ័ន សមត្ថកិច្ចឃើញមានការស្នាក់នៅប្រមូលផ្តុំគ្នាដោយមានការ សង្ស័យ ក៏បានសុំអនុញ្ញាតត្រួតពិនិត្យ។ ពេលឆែកឆេរ កម្លាំងសមត្ថកិច្ចរកឃើញថ្នាំញៀន ១កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់មួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀននោះគឺពួកគេបានចូលលុយគ្នាទិញក្នុងតម្លៃ ២០.០០០រៀល ពីមុខសញ្ញាមិនស្គាល់ ដើម្បីយកមកប្រើប្រាស់រួមគ្នានៅក្នុងផ្ទះជួល។ បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕