ខេត្តកណ្ដាល៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿង ញៀនស្រុកកណ្ដាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកងរាជអាវុធហត្ថស្រុក បានបើកកិច្ចប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានដីកាចាប់ខ្លួនចំនួន ២ករណីពីបទជួញដូរគ្រឿងញៀន។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១១និង៤០នាទី នៅភូមិបាង ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៊ិន វឿន ហៅ ឡុងភេទប្រុស អាយុ៤៥ឆ្នាំរស់នៅភូមិបាង ឃុំដើមឬស។ ជនសង្ស័យរូបនេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ២ ពីសាលាដំបូងខេត្តកណ្ដាល ក្នុងនោះមានដីកាលេខ ៥៦៨ ចខ/ឈ ចុះថ្ងៃទី៧ ខែកុម្ភៈ ២០២៤ និងដីកាលេខ ១៥៦១ ចខ ចុះថ្ងៃទី២៧ ខែមិថុនា ២០២២ ដែលសុទ្ធតែពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៤កញ្ចប់តូច ទម្ងន់ ០,៤១ក្រាម និងសម្ភារៈប្រើប្រាស់មួយចំនួន។ ជន សង្ស័យក៏មានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+) សារធាតុញៀនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធី៕