ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចាកចេញពីរដ្ឋធានីហាណូយ ត្រឡប់មកកាន់រាជធានីភ្នំពេញវិញ បន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម។
សូមជម្រាបថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម សម្តេចតេជោប្រធានព្រឹទ្ធសភា បានពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាមរួមមានលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម, លោក ជិន ថាញ់មិន ប្រធានរដ្ឋសភា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី។
នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀតណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) ដែលពិធីដ៏ធំនេះបានប្រារព្ធធ្វើនៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សូមបញ្ជាក់ថា ៖ វៀតណាមបានបង្ហាញនូវសព្វាវុធទំនើបៗក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និង ទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) បានប្រារព្ធធ្វើនៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ មានការបង្ហាញ ក្បួនព្យុះហយាត្រា ទាំងស៊ីវិល និងយោធា មានកងកម្លាំងទ័ព និង កងកម្លាំងសន្តិសុខ សាធារណៈ របស់ វៀតណាម ចូលរួមសរុបជិត ១៦,០០០នាក់។ ដោយឡែកកងទ័ពបរទេសចំនួន៣ប្រទេស ក៍បានចូលរួមផងដែរ ក្នុងនោះមាន កងទ័ពនៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី,កងទ័ពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកងយោធពលខេមរភូមិន្ទកម្ពុជា ៕
ដោយ ៖ សិលា