ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបបទល្មើសជាក់ស្តែងចំនួន ៣ករណី

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កាលពីថ្មីៗកន្លងទៅនេះ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​ នាយឧត្តមសេនីយ៍​ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំដោយផ្ទាល់របស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ​ បានចាត់លោកឧត្ដមសេនីយ៍ត្រី​ ណុប​ បញ្ញា​ ស្នងការរង​ផែនការងារនគរបាលព្រហ្មទណ្ឌ​ ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ បង្រ្កាបបទល្មេីសចំនួន​ ៣ ករណី ដូចខាងក្រោម ៖

១.ករណីលួចរថយន្ត

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៧និង២៥ នាទី កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ថុស មាសសំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ បន្ទាប់ពីលួចរថយន្ត TOYOTA ALPHARD (ឡើងសេរីLexus LM2017) ពណ៌ខ្មៅ របស់ជនរងគ្រោះ វណ្ណ ចិត្រា ។ វត្ថុតាងរថយន្តខាងលើបានប្រគល់ជូនម្ចាស់ដើមវិញ ក្រោមការអនុញ្ញាត្តរបស់ព្រះរាជអាជ្ញារង ឆាយ ចិត្រា ។ 

២.ករណីហិង្សាដោយចេតនា(កាប់ដោយកាំបិតប៉័ងតោ)

ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០ នាទី កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ាង វុទ្ធី ភេទប្រុសអាយុ៤១ឆ្នាំ បន្ទាប់ពីប្រើកាំបិតប៉័ងតោកាប់ ជនរងគ្រោះឈ្មោះ កុយ ថាច នៅចំណុចផែម៉ែអារ៉ា ស្ថិតក្នុងក្រុមទី៣១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បណ្ដាលឲ្យរងរបួសធ្ងន់ ។ ករណីហឹង្សានេះបណ្តាលមកពីរឿងជនរងគ្រោះជំពាក់ប្រាក់ជនសង្ស័យចំនួន ២០,០០០រៀល ។ វត្ថុតាងចាប់យករួមមាន កាំបិត និងទូរស័ព្ទរបស់ជនសង្ស័យ ។ 

៣.ករណីកាន់កាប់អាវុធខ្លីដោយខុសច្បាប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១២:៤០ នាទី កម្លាំងនគរបាលបានដេញប្រមាញ់ឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់មានឈ្មោះ AN KAI GI ភេទប្រុស អាយុ២៨ឆ្នាំ ដែលពាក់ព័ន្ធករណីចាប់ជនជាតិចិនដាក់ឡាន ។ វត្ថុតាងចាប់យកបានជាក់ស្តែងមាន ៖

-អាវុធខ្លី ០១ដើម និងបង់ចំនួន០១

-គ្រាប់អាវុធខ្លី ចំនួន០៩គ្រាប់

-ស្រោមអាវុធខ្លី 

-ទូរស័ព្ទ០១គ្រឿង ម៉ាក IPHONE ៨ ពណ៌ស ។

បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print