គណៈប្រតិភូគណៈកម្មការទី៤ និងទី៥ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អាកាសយានដ្ឋានអន្តរជាតិតេជោ

ចែករំលែក៖

ភ្នំពេញ ៖ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ រួមដំណើរដោយលោក ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងលោក ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍បានអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចនាពេលនោះ លោកឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ បានផ្តល់បទបង្ហាញអំពីទិដ្ឋភាពទូទៅដ៏ល្អប្រណិតរបស់ព្រលានយន្តហោះអន្តរជាតិតេជោ និងការត្រៀមខ្លួនរួចរាល់ក្នុងការទទួលជើងហោះហើរជាតិនិងអន្តរជាតិគ្រប់កម្រិត និង គ្រប់ប្រភេទពីគ្រប់ទិសទីនៅលើពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោកបណ្ឌិត ចែម វីឌ្យ៉ា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី។ នេះ គឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលមានអាកាសយានដ្ឋានធំបំផុតលំដាប់អន្តរជាតិ និងជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍។

អាកាសយានដ្ឋានអន្តរជាតិតេជោបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២ ០០០លានដុល្លារ ដំណាក់កាលទី១ និងជាប់ចំណាត់ថ្នាក់លេខ ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង និងបានសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា។ ព្រលានយន្តហោះលំដាប់ 4F នេះអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។
អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥…៕

...


ប្រភព៖ នាយកដ្ឋានព័ត៌មាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print