ខេត្តកំពង់ស្ពឺ៖ ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២ ខែសីហា ២០២៥ លោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ដឹកនាំការិយាល័យគ្រឿងញៀនបានប្រតិបត្ដិការស្រាវជ្រាវ ដោយមានកិច្ចសហការពីកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានបង្រ្កាបមុខសញញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់។
មន្ត្រីនគរបាលបានឲ្យដឹងថា នៅចំណុចភូមិអន្លង់ស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សមត្ថកិច្ចឃាត់ ខ្លួនឈ្មោះ រី វណ្ណះ ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិអន្លង់ស្នោ ឃុំស្គុះ ស្រុកសំរោងទង ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់តូច, ទូរស័ព្ទ១គ្រឿង និងដោយបានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ដ កំលាំងបន្ដឃាត់មុខ សញ្ញាបន្ថែមបានម្នាក់ទៀតឈ្មោះ ប៉ុក សាម៉ុន ភេទ ប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង រកឃើញគ្រឿងញៀនចំនួន៨កញ្ចប់(១ធំ ,១មធ្យម ,៦តូច)ម៉ូតូ០១គ្រឿង,ទូរស័ព្ទ០១គ្រឿង ។
បច្ចុប្បន្នករណីខាងលេី សមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាង មកស្នងការដ្ឋាននគរបាលខេត្ដដេីម្បីបំពេញនីតិវិធី និងកសាងសំណុំរឿង ចាត់ការតាមច្បាប់៕