ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត កណ្តាល និងអាជ្ញាធរពាក់ព័ន្ធ បានចុះអនុវត្តច្បាប់នៅគេហដ្ឋានរបស់លោកស្រី ឆេង ស្រីរ័ត្ន ម្ចាស់គ្រឹះស្ថាន អាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ឡាហ្វ រីយ៉ា ឯ.ក ដោយបានស្រង់យកសំណាកផលិតផលបំប៉នសុខភាព ចំនួន ២មុខ និងគ្រឿងសម្អាង ចំនួន ១២មុខ មកវិភាគគុណភាព នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែល ក្នុងចំណោមនោះ មានផលិតផលបំប៉នសុខភាពចំនួន ២មុខ និងផលិតផលគ្រឿងសម្អាងចំនួន ៣មុខ ដែលគ្មាន លេខបញ្ជីកា ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល។
យោងតាមលទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបង្ហាញថា៖
-ផលិតផលបំប៉នសុខភាពឈ្មោះ LOVE RIYA ថ្នាំលេបបាត់ជាំ ដែលគ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល មានលួចដាក់សារធាតុសកម្ម ឱសថ Tranexamic Acid។ សារធាតុ ឱសថ Tranexamic Acid ត្រូវបានគេប្រើប្រាស់ សម្រាប់ការឃាត់ឈាមក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត ឬគ្រូពេទ្យ។
-គ្រឿងសម្អាងចំនួន ២មុខ គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលឈ្មោះ Loveriya Double White Body Lotion និង Loveriya ម្សៅលាបមុខព្យាបាលមុនសាច់ មុនអង្កាម មុនខ្ទុះ មុនផ្កាស្បូន ស្នាមជាំ មានផ្ទុកសារធាតុ គីមី Salicylic Acid និងបារត (Mercury) លើសកម្រិតស្តង់ដា ដែលបានកំណត់ក្នុងមគ្គទេស គ្រឿងសម្អាងអាស៊ាន។ សារធាតុគីមី Salicylic Acid លើសកម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាស្បែកស្ងួត រលាកស្បែក និងប្រតិកម្មអាល់ឡែស៊ីស្បែក។ សារធាតុគីមី បារត (Mercury) លើស កម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាខ្សោយតម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធ ប្រសាទ។
ដើម្បីចៀសវាងការប្រើប្រាស់ផលិតផល ដែលមានផ្ទុកសារធាតុគ្រោះថ្នាក់ ឬសារធាតុលើសកម្រិតស្តង់ដា ខាងលើ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ ផលិតផលទាំង ៣មុខនេះជាបន្ទាន់។ ទន្ទឹមនេះដែរ សូម សាធារណជនទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជីកា និងគ្រឿងសម្អាងគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដើម្បីចៀសវាង ការខាតបង់ប្រាក់ និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត ដោយផលិតផលទាំងនេះ ពុំធានាបាន នូវគុណភាព សុវត្ថិភាព ស្របតាមបទដ្ឋានបច្ចេកទេសឡើយ។
ក្រសួងសុខាភិបាល សូមជម្រាបជូនថា រាល់ការចរាចរផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខបញ្ចិកា និងលេខប្រវេទន៍ទទួលស្គាល់ពីក្រសួងសុខាភិបាល ដូចមានគំរូភ្ជាប់ មកជាមួយ។
ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលបានចែកចាយ ឬលក់ផលិតផលទាំង៣ខាងលើ ឬផលិតផល បំប៉នសុខភាពគ្មានលេខបញ្ជីកា ឬគ្រឿងសម្អាងគ្មានលេខប្រវេទន៍ផ្សេងទៀត រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវ បញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលទាំងនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះជនណាដែលបន្តចែកចាយ ឬលក់ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជីកាខាងលើ ឬ ផលិតផលគ្មានលេខបញ្ជីកាផ្សេងទៀត ទៅតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្រសួងសុខាភិបាល សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ អាជីវករ នឹងចូលរួមសហការអនុវត្តតាមសេចក្តី ជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕