Update ៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោក Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ចូលជួបនិងប្រគល់សារតាំង

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោក Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ចូលជួប និងប្រគល់សារតាំង។

យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានដោយដឹងនៅក្រោយជំនួបថា នៅក្នុងជំនួប ក៏ដូចជាការទទួលសារតាំងនេះ សម្ដេចតេជោ ហ៊ុន សែនបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក Daouda Bitie ជាឯកៈរដ្ឋទូតរបស់សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា។ សម្ដេចសង្ឃឹមថា វត្តមានរបស់លោកជាឯកអគ្គរដ្ឋទូតនៅពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងបួគីណាហ្វាសូ កាន់តែរីកចម្រើនបន្ថែមទៀតបន្ទាប់ពីប្រទេសនេះបានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នារយៈពេល ១៥ឆ្នាំមកហើយ។

លោក Daouda Bitie បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់មហាកិត្តិយសដ៏ធំធេងសម្រាប់ លោកផ្ទាល់ និងបានប្រគល់សាតាំងនាឱកាសនេះ។ លោកបានជំរាបជូនសម្ដេចតេជោថា ជាមោទនភាពសម្រាប់លោកដែលបានបំពេញការងារជាឯកអគ្គរដ្ឋទូតរបស់បួគីណាហ្វាសូ ប្រចាំព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ លោកបាន នាំនូវពាក្យដ៏ល្អផ្តាំផ្ញើពីលោកប្រធានាធិបតីរបស់បួគីណាហ្វាសូ ជម្រាបសម្តេចតេជោថា ពេលលោកមកបំពេញការងារនៅកម្ពុជា វាជាឱកាសមួយដែលបានរៀនសូត្រពីកម្ពុជា។ លោកបានបញ្ជាក់ថាកម្ពុជា និងបួគីណាហ្វាសូ និងកម្ពុជា គឺមានប្រវត្តិស្ថិតនៅក្រោមអាណានិគមបារាំងដូចគ្នា ដូច្នេះប្រវត្តិមួយចំនួនមានភាពប្រហាក់ប្រហែលគ្នា ហើយឯកឧត្តមចាប់អារម្មណ៍ផ្ទាល់លើបទពិសោធរបស់សម្ដេចតេជោ ដែលបានដឹកនាំប្រទេសកម្ពុជានាពេលកន្លងមកដែលជាបទពិសោធ អាចយកជាគំរូនិងសូត្រ ក្នុងពេលដែលឯកឧត្តមបានបំពេញការងារនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត ហើយសម្ដេចបានបញ្ជាក់ថា សម្ដេចពេញចិត្តក្នុងការចែករំលែកនូវបទពិសោធហើយ ក៏ទទួលស្គាល់ថា បទពិសោធរបស់ប្រទេសកម្ពុជា និងបួគីណាហ្វាសូ មានភាពប្រហាក់ប្រហែលគ្នា ជាពិសេសស្ថិតនៅក្រោមអាណានិគមបារាំង ដែលអាចរៀនសូត្រពីគ្នា។ សម្ដេចតេជោបានចែករំលែក ពីបទពិសោធនៃការដឹកនាំប្រទេស ដោយសម្ដេចបញ្ជាក់ថា យើងជាប្រទេសក្រីក្រអ្វីដែលយើងប្រយ័ត្នបំផុតនោះ គឺជំនួយពីបរទេសដែលជំនួយខ្លះនឹងជះផលអវិជ្ជមានផងដែរ ប្រសិនបើយើងខ្វះការគិតគូរឲ្យបានត្រឹមត្រូវ។ សម្ដេចតេជោក៏បានចែករំលែកទាក់ទងនឹងការវិនិយោគសម្រាប់បរិបទកម្ពុជាកន្លងមក ដោយការវិនិយោគពីបរទេសពិតជាសំខាន់ហើយ ប៉ុន្តែរឿងដែលសំខាន់បំផុតនោះគឺ ការវិនិយោគនៅក្នុងស្រុក ប្រជាជននៅក្នុងស្រុកមានការវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីក្រៅ ពីព្រោះអ្នកវិនិយោគក្រៅប្រទេសនឹងមើលឃើញស្ថានភាពល្អប្រសើរ ស្ថិរភាពនៅក្នុងប្រទេស ទើបគេមកវិនិយោគក្នុងប្រទេសយើង។ សម្ដេចក៏បានចែករំលែកពីការផ្ដល់យោបល់ពីបរទេស ជាពិសេសប្រទេសអ្នកមានមួយចំនួន ដែលពេលខ្លះការផ្ដល់យោបល់នោះមិនប្រាកដថា ត្រឹមត្រូវទាំងអស់នោះទេ។ ដូច្នេះអ្វីដែលត្រូវប្រុងប្រយ័ត្ននោះយោបល់របស់ពួកគេត្រូវតែមានការថ្លឹងថ្លែងឲ្យបានស៊ីជម្រៅ ពីព្រោះកម្ពុជាក៏បានឆ្លងកាត់បទពិសោធនេះរួចទៅហើយ ដូចជាការផ្ដល់យោបល់ឲ្យកម្ពុជាលក់គយ និងរឿងផ្សេងៗមួយចំនួនទៀត។ សម្ដេចតេជោបានបញ្ជាក់ថា ពេលខ្លះប្រទេសអ្នកមានមួយចំនួន ពួកគេគ្រាន់តែមានសំណាងដែលបានកើតក្នុងប្រទេសអ្នកមាន ប៉ុន្តែមិនប្រាកដថា ពួកគេមានខួរក្បាលល្អជាងយើងអ្នកក្រនោះទេ។

ទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរវិញ លោកអគ្គរដ្ឋទូតបាន លើកឡើងចំណុចសំខាន់ដែលភាគីទាំងពីរ ត្រូវតែពង្រឹងជាមួយគ្នានោះគឺទាក់ទងទៅនឹង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយលោកបានលើកឡើងថា ប្រទេសបួគីណាហ្វាសូមានចំណុចខ្លាំង គឺផ្នែកធនធានរ៉ែ ដែលជាផ្នែកមួយអាចពង្រឹងកិច្ចសហប្រតិបត្តិការបានជាមួយកម្ពុជា។ ជាមួយគ្នានោះ ក៏នឹងមានកិច្ចសហប្រតិបត្តិការផ្នែកយោធាលើការដោះមីនផងដែរ និងចំណុចទាក់ទងទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនទៀត ជាពិសេសការគាំទ្រគ្នាលើឆាកអន្តរជាតិ ។
សម្ដេចតេជោ ក៏បានស្វាគមន៍ផងដែរ ចំពោះការលើកឡើងរបស់ លោកឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងលើចំណុចសំខាន់ទាំងបីខាងលើ តែយ៉ាងណាសម្ដេចតេជោ បានបញ្ជាក់ថា ភាគីទាំងពីរ គួរតែបង្កើតឲ្យមានកិច្ចព្រមព្រៀងឬអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីពិនិត្យទៅលើចំណុចដែលត្រូវកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងទិសដៅជាក់លាក់។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរលោក Daouda Bitie ឱ្យបំពេញបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print