ភ្នំពេញ ៖ នៅពេលប្រជាជនកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិ កំពុងតាមដាន និងទន្ទឹងរង់ចាំការមកដល់ថ្ងៃបើកដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យការត្រៀមលក្ខណៈអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីអន្តោប្រវេសន៍ តាមទីតាំងសំខាន់ៗ នៅអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនេះ។
ទីតាំងសំខាន់ៗ ដែលឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានចុះពិនិត្យនោះរួមមាន ស្ថានីយចេញដំណើរ ទីតាំង Check In ទីតាំង ត្រួតពិនិត្យ x-ray ទីតាំងត្រួតពិនិត្យអន្តោប្រវេសន៍ (ទិដ្ឋាការចេញ បញ្ជរបែបបទចេញ និង Smart Gate) ទីតាំង ច្រកអាទិភាព (Fast Track) ទីតាំង អាហាដ្ឋាន (Premium Loung & Food Court) និងបន្ទប់សេនាការរបស់ប៉ុស្តិ៍ច្រកទ្វារ និងបន្ទប់ CCTV កន្លែងបំពេញបែបបទចេញពីប្រទេសរបស់អ្នកដំណើរ ឆ្លងកាត់តាមបញ្ជរ និង Smart Gate ព្រមទាំងពិនិត្យការអនុវត្តការងារ របស់មន្ត្រី និងស្ថានភាព អ្នកដំណើរតាមរយៈ កាមេរ៉ា CCTV។
ក្រៅពីទីតាំងស្ថានីយចេញដំណើរ លោកអភិសន្តិបណ្ឌិត បានបន្តអញ្ជើញពិនិត្យស្ថានីយ៍អ្នកដំណើរមកដល់ មានជាអាទិ៍ ទីតាំងបំពេញសលាកបត្រអេឡិចត្រូនិចចូល ព្រះរាជាណាចក្រកម្ពុជា (CeA) ទីតាំង ផ្តល់ទិដ្ឋាការពេលមកដល់ ទីតាំង ត្រួតពិនិត្យអន្តោប្រវេសន៍ (បញ្ជរបែបបទចូល និង Smart Gate) និងទីតាំង យកអីវ៉ាន់/វាលី។ លោក ក៏បានពិនិត្យដំណើរការនៃការ បំពេញ CeA ដំណើរការនៃ ការផ្តល់ទិដ្ឋាការ ដំណើរការនៃ ការបំពេញបែបបទចូល ប្រទេសរបស់អ្នកដំណើរឆ្លងកាត់តាមបញ្ជរ និងSmart Gate ព្រមទាំង ស្ថានីយប្រតិភូជាន់ខ្ពស់ (VIP) ។
ក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ កោតសរសើរ ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទាំងលោករដ្ឋលេខាធិការទទួលបន្ទុក លោកអនុរដ្ឋលេខាធិការ និងជាពិសេស លោកអគ្គនាយកអន្តោប្រវេសន៍ដែលបានរៀបចំការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមផែនការរបស់ក្រសួងមហាផ្ទៃ ជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដី ២.៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ ។ គ្រោងនឹងបើកឱ្យប្រតិបត្តិការ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីទទួលអ្នកដំណើរផ្លូវអាកាសចេញ-ចូលប្រទេសកម្ពុជា៕
ដោយ ៖ លោក សេង បូលីន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ