ខេត្តកណ្ដាល៖ បុរសជនជាតិវៀតណាមម្នាក់ត្រូវកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន បន្ទាប់ពីធ្វើ សកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅចំណុចលក់មាន់បំពងមួយកន្លែង។ សមត្ថកិច្ចបានរឹបអូសបានម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួន ៧កញ្ចប់តូច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១៨និង៣០នាទីនៅភូមិដីឥដ្ឋកោះ ៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ្វៀង វ៉ាន់ញ៉ាង ហៅ វី ភេទប្រុស អាយុ៣៣ឆ្នាំ ដែលជាជនជាតិវៀតណាម។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរថ្នាំញៀននៅចំណុចកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានសហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក ចុះទៅឃាត់ខ្លួនជនសង្ស័យរូបនេះភ្លាមៗតែម្ដង។
ពេលត្រួតពិនិត្យ សមត្ថកិច្ចរកឃើញម្សៅក្រាមពណ៌សថ្លាប្រភេទម៉ាទឹកកកចំនួន ៧កញ្ចប់តូច ដែលមានទម្ងន់សរុប ១,២២ក្រាម និងទូរស័ព្ទដៃម៉ាក Oppo ពណ៌ទឹកប៊ិច ១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ថ្នាំ ញៀនទាំង ៧កញ្ចប់នោះជារបស់ខ្លួនពិតប្រាកដមែន ដោយទិញពីបុរសជនជាតិវៀតណាមម្នាក់នៅម្តុំគល់ស្ពានកោះនរា ខណ្ឌច្បារអំពៅ ក្នុងតម្លៃ ៣០០.០០០ រៀល។ ជនសង្ស័យបានបន្តថា ខ្លួនបានយកថ្នាំញៀននោះមករំលែកវេចខ្ចប់បានចំនួន ១៨កញ្ចប់តូច ហើយបានលក់អស់ចំនួន ១១កញ្ចប់តូច។ គាត់ក៏បានសារភាពថាខ្លួនធ្លាប់ទិញគ្រឿងញៀនពីបុគ្គលនេះអស់ចំនួន ១៥ដងមកហើយ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕