ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានឱ្យដឹងនៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ថា ខ្យល់កន្ត្រាក់ក្នុងរយៈពេល ៨ ខែ ឆ្នាំនេះ បានកើតឡើងចំនួន ២៤៧ លើក នៅទូទាំងប្រទេស បណ្ដាលឱ្យរលំផ្ទះចំនួន៤៣៣ខ្នង របើកដំបូល៦៤០៥ ខ្នង តូបផ្សារ២៦តូប សាលារៀន៤១ ខ្នង អគាររដ្ឋបាល ១៨ កន្លែង ស្លាប់មនុស្ស៩ នាក់ និងរបួស ៣១ នាក់។
លោកអ្នកនាំពាក្យរូបនេះ បានបន្តថា ក្នុងចំណោមអ្នកស្លាប់ទាំង៩នាក់ក្នុងនោះនៅខេត្តកំពង់ស្ពឺម្នាក់ ព្រៃវែងម្នាក់ កំពង់ចាម៤នាក់ បាត់ដំបងម្នាក់ សៀមរាបម្នាក់ និងខេត្តកំពតម្នាក់។
លោកបន្ថែមថា ក្នុងខែសីហាខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២៨លើក នៅរាជធានីខេត្តចំនួន១៩ ធ្វើឱ្យផ្ទះរលំនិងខូចខាតធ្ងន់ធ្ងរ ៨ខ្នង ផ្ទះរបើកដំបូល និងខូចខាតមធ្យម ១៩០ខ្នង របើកដំបូលសាលា រៀន ១អគារ អគារស្នាក់នៅរបស់កងទ័ព ២ខ្នង ដួលរលំអង់តែនវិទ្យុទាក់ទង ១ដើម ដួលរលំ បង្គោលភ្លើងសូឡា ១៤បង្គោលលិចទូកត្នោតលង់ទឹកស្លាប់ ៤នាក់ (ក្មេង៣) រលំដើមឈើសង្កត់រថយន្ត ២គ្រឿង និងម៉ូតូ ២គ្រឿងនិងលិចទូកកន្ទុយវែងដឹកទំនិញ ១គ្រឿង ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ចំពោះតួលេខនេះបើធៀបទៅនឹង៨ខែឆ្នាំ២០២៤កន្លងទៅឃើញថា មានការកើនឡើងខណៈ៨ ខែ ឆ្នាំមុនខ្យល់កន្ត្រាក់ បានកើតឡើងចំនួន ២៤១ លើក នៅទូទាំងប្រទេស បណ្ដាលឱ្យរលំផ្ទះចំនួន ៤៨២ ខ្នង របើកដំបូល ៣៨០០ ខ្នង តូបផ្សារ ៣៨ តូប សាលារៀន ៤៧ ខ្នង អគាររដ្ឋបាល ១៩ កន្លែង ស្លាប់មនុស្ស ៤ នាក់ និងរបួស ៣២ នាក់៕