ខេត្តស្ទឹងត្រែង ៖ ឆ្លើយតបទៅនឹងការចុះផ្សាយជាសាធារណៈតាមបណ្តាញផ្សព្វផ្សាយសង្គមរបស់គេហទំព័រឈ្មោះ Mekong News នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះមានខ្លឹមសារថា តើជញ្ជាំងថ្លឹងរថយន្តអូរពងមាន់ ថ្លឹងរថយន្ត ឬថ្លឹងលុយ មិនចេះលើសទម្ងន់ ឃើញតែព្រួរត់បង់លុយបាយទឹករួចក៏ទៅរហូតពុំដែលលើស?»។
ក្នុងនាមស្ថានីយជញ្ជាំងអចល័តរាជានុកូល (អូរពងមាន់) ខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺជូនសាធារណជន បណ្តាញផ្សព្វផ្សាយសង្គម និងសារព័ត៌មាន ជាពិសេស Mekong News ជ្រាបថាស្ថានីយជញ្ជឹងអចល័តរាជានុកូល ខេត្តស្ទឹងត្រែង ធ្វើការបដិសេធទាំងស្រុង ចំពោះការចុះផ្សាយនូវព័ត៌មានប្រឌិត ធ្វើឱ្យមានការភាន់ច្រឡំនិងបំភ្លៃខុស ពីវិជ្ជាជីវៈជាអ្នកសារព័ត៌មាន មកលើមន្ត្រីមានសមត្ថកិច្ច និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។
យើងខ្ញុំជាមន្ត្រីមានភារកិច្ចអនុវត្តការងារនៅស្ថានីយនេះ សូមបំភ្លឺថា ការចុះផ្សាយនោះគឺពុំមែនជាការ ពិតនោះទេ ករណីព្រូ ឬតៃកុងរថយន្តមួយចំនួនបានចុះពីរថយន្តមក គឺពួកគាត់មកមើលទិន្នន័យទម្ងន់សរុប ដែលលោតនៅលើផ្ទាំង LED ខាងមុខនៅក្នុងស្ថានីយ បង្ហាញពីតួលេខទម្ងន់រថយន្តរបស់ខ្លួន ឬ/និងបានចុះមក សុំប័ណ្ណត្រួតពិនិត្យរថយន្តដែលបានឆ្លងកាត់យកទៅបង្ហាញដល់ស្ថានីយផ្សេងទៀតនិងដើម្បីយកទៅទូទាត់ ជាមួយនឹងអ្នកទិញទំនិញ ព្រមទាំងត្រូវការព័ត៌មានចាំបាច់មួយចំនួនប៉ុណ្ណោះ។
បច្ចុប្បន្នប្រជាពលរដ្ឋ ឬក៏ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធំជាច្រើន មានការយល់ដឹងច្បាស់ពីច្បាប់ នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ស្ថានីយជញ្ជឹងអចល័តរាជានុកូលយើងខ្ញុំ សូមអំពាវនាវដល់ប្រជា ពលរដ្ឋ ឬម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធំ សូមចូលរួមគោរពច្បាប់ស្តីពីការដឹកជញ្ជូនលើសទម្ងន់កម្រិ កំណត់ ដើម្បីចូលរួមចំណែករក្សានូវសណ្តាប់ធ្នាប់សង្គម សុវត្ថិភាពផ្លូវថ្នល់ប្រើប្រាស់បានយូរអង្វែង។
យើងខ្ញុំសូមធានាថាស្ថានីយជញ្ជឹងអចល័តរាជានុកូល (អូរពងមាន់)ខេត្តស្ទឹងត្រែង បានអនុវត្តការងារ ដោយគោរពតាមតួនាទីភារកិច្ច ច្បាប់ លិខិតបទដ្ឋានគតិយុត្តកំណត់ជាធរមាន និងហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ បណ្តាញផ្សព្វផ្សាយសង្គមទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចៀសវាងនូវការភាន់ច្រឡំ ៕
ដោយ ៖ សិលា