ភ្នំពេញ៖ នៅកម្ពុជា ភាពខ្លាំងនៃភាគលាភប្រជាសាស្ត្រជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍឡើងវិញនូវឧស្សាហកម្មច្នៃប្រឌិតរបស់ខ្លួន ដោយសេដ្ឋកិច្ចឌីជីថលត្រូវបានព្យាករណ៍ថានឹងកើនឡើងពី ១,៦២ ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ដល់ ៤,៥ ពាន់ លានដុល្លារនៅឆ្នាំ២០៣០ ហើយនឹងផ្តល់កំណើនការងារទ្វេដងពីប្រមាណ ១៤.០០០ កន្លែងនាពេលបច្ចុប្បន្ន។
ជាក់ស្ដែងក្នុងកិច្ចប្រជុំកំពូលមាតិការឌីជីថលអាស៊ានឆ្នាំ២០២៥ បានគូសបញ្ជាក់ឱ្យដឹងថា នៅទូទាំងពិភពលោក សេដ្ឋកិច្ចច្នៃប្រឌិតមានតម្លៃប្រមាណ ២,២ ទ្រីលានដុល្លារអាមេរិក ដែលរួមចំណែកប្រហែល ៣% នៃសេដ្ឋកិច្ចពិភពលោក និងផ្តល់ការងារប្រមាណ ៣០ លានកន្លែងនៅក្នុងឧស្សាហកម្មនានា ដូចជាភាពយន្ត ភាពយន្តជីវចល ហ្គេម ការរចនា និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។
តំបន់អាស៊ី បានក្លាយជាមហាអំណាចមួយក្នុងវិស័យនេះ ដោយកូរ៉េខាងត្បូងបានកសាងឧស្សាហកម្មមាតិកាវប្បធម៌ដែលមានតម្លៃប្រមាណ ១១៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលត្រឹមតែ ៣ ទសវត្សរ៍ ដោយផ្តល់ការងារជាង ៦០០.០០០ កន្លែង។
ប្រទេសជប៉ុន ក៏មានភាពលេចធ្លោជាសកលផងដែរ ជាមួយនឹងឧស្សាហកម្មគំនូរជីវចល ហ្គេម ការរចនា ការតែងនិពន្ធ និងប្រព័ន្ធផ្សព្វផ្សាយ ដែលបង្កើតចំណូលរាប់ពាន់លានដុល្លារ និងកំពុងមានឥទ្ធិពលលើវប្បធម៌ពិភពលោក។
នៅកម្ពុជា ការអភិវឌ្ឍឡើងវិញនូវឧស្សាហកម្មច្នៃប្រឌិតរបស់ខ្លួន ដោយសេដ្ឋកិច្ចឌីជីថលត្រូវបានព្យាករណ៍ថានឹងកើនឡើងពី ១,៦២ ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដល់ ៤,៥ ពាន់លានដុល្លារនៅឆ្នាំ២០៣០ ហើយនឹងផ្តល់កំណើនការងារទ្វេដងពីប្រមាណ ១៤.០០០ កន្លែងនាពេលបច្ចុប្បន្ន។
នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ លោក ស៊ាង សុលក្ខណ៍ ទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈប្រតិភូកម្ពុជាសម្រាប់កិច្ចប្រជុំកំពូលនេះ បានលើកឡើងថា សក្តានុពលនៃឧស្សាហកម្មច្នៃប្រឌិតរបស់កម្ពុជា គឺជំរុញដោយយុវជនជំនាន់ថ្មីដែលមានទេពកោសល្យ ចេះភាសាអង់គ្លេស និងចង់រៀនសូត្រ។
ជាមួយនឹងការបណ្តុះបណ្តាល និងការណែនាំត្រឹមត្រូវ ពួកគេអាចក្លាយជាអ្នករចនាកុំព្យូទ័រក្រាហ្វិក អ្នកផលិតភាពយន្ត ភាពយន្តជីវចល និងហ្គេម ដែលអាចនាំយករឿងរបស់កម្ពុជាទៅកាន់វេទិកាតំបន់ និងពិភពលោក។
កម្ពុជា ក៏បានស្នើនូវគំនិតផ្តួចផ្តើមកម្រិតអាស៊ានចំនួន ៤ រួមមានមូលនិធិអាស៊ានសម្រាប់ការសហការផលិត កម្មវិធីផ្លាស់ប្តូរបុគ្គលមានទេពកោសល្យក្នុងឧស្សាហកម្មច្នៃប្រឌិត បណ្តាញអាស៊ានសម្រាប់ការផ្តល់អាជ្ញាប័នផលិត និងការពារកម្មសិទ្ធបញ្ញា និងការបង្កើតថ្នាលមាតិកាអាស៊ានដើម្បីផ្សព្វផ្សាយ និងចែកចាយមាតិកាតំបន់ទៅដល់ពិភពលោក។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ លោក ស៊ាង សុលក្ខណ៍ ក៏បានជួបពិភាក្សាការងារជាមួយលោក Anuar Fariz Fadzil នាយកប្រតិបត្តិនៃសាជីវកម្មសេដ្ឋកិច្ចឌីជីថលម៉ាឡេស៊ី ដើម្បីពិភាក្សាឱកាសជំរុញកិច្ចសហការក្នុងឧស្សាហកម្មមាតិកាច្នៃប្រឌិតរវាងប្រទេសទាំងពីរ។
លោកបានបញ្ជាក់អំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការសហការជាមួយម៉ាឡេស៊ី តាមរយៈការស្រាវជ្រាវរួមគ្នា ការផ្គូរផ្គងអាជីវកម្ម និងការផ្លាស់ប្តូរទេពកោសល្យ រួមទាំងគំនិតផ្តួចផ្តើមដើម្បីភ្ជាប់ម្ចាស់ផលិតកម្ម និងបុគ្គលមានទេពកោសល្យក្នុងឧស្សាហកម្មច្នៃប្រឌិតជាមួយសមភាគីម៉ាឡេស៊ីផងដែរ៕