ខេត្តកំពង់ធំ៖ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំក្រុមការងារជំនាញ រួមមានលោក ប៉ី វិចិត្រ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងសហការី តំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) និងកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ស្រុកស្ទោង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចមួយចំនួនមានដូចជា៖ វាលទុង វេហាល បែកឃ្លះ ប្រាំបីមុំ កាប់ចិន ខ្វែងតាសូ និងព្រែកចងខ្លុង ស្ថិតនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះបាន១ករណី ដោយបានធ្វើការរុះរើ បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់រួមមាន៖ របាំងសាច់អួនក្រឡាញឹកចំនួន០១របាំងប្រវែង២០០ម៉ែត្រ, ឡុកសាច់អួនចំនួន២គ្រឿង, លូ ឬលបចំនួន ២មាត់, បង្គោលកូនឈើ ចំនួន១០០ដើម និងបានចាក់លែងកូនត្រីចម្រុះប្រមាណ០៥គីឡូក្រាម ចូលបឹងទន្លេសាបវិញ។
នាដំណើរបេសកកម្មនោះ លោក ប៉ែន ផល្លីកា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់មន្រ្តី អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សហគមន៍នេសាទ អាជ្ញាធរមូលដ្ឋាន ជាពិសេសកងកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបង្រ្កាប ដោយបានកត់សម្គាល់ឃើញថាឧបករណ៍ខុសច្បាប់មានការថយចុះច្រើន និងប្រជានេសាទយល់ដឹងពីការប្រើប្រាស់ឧបករណ៍នេសាទនារដូវបិទនេសាទនេះជាដើម៕