ខេត្តត្បូងឃ្មុំ ៖ គិតចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ដើមឆ្នាំ២០២៥ ការិយាល័យច្រកចេញចូលតែមួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានផ្តល់សេវាជូនប្រជាពលរដ្ឋ ៣០.៧៧២សេវា ទទួលបានចំណូល ៥.៦១៩.០០០រៀល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានចំនួន៦ករណី។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកតំបែរ ផ្ដល់មកកាន់ផ្នែកព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ ក្នុងចំណោមសេវាសរុប សេវាមានពលរដ្ឋស្នើសុំច្រើនជាងគេ នៅស្រុកតំបែរ រួមមានការងារអត្រានុកូលដ្ឋាន មាន២៨.៦០៤សេវា ការងារនីត្យានុកូលកម្មមាន២.០៨៤សេវា វិស័យសុខាភិបាលមាន១៦សេវា វិស័យរ៉ែនិងថាមពលមាន៥សេវា វិស័យទេសចរណ៍មាន៤សេវា វិស័យសាធារណៈការនិងដឹកជញ្ជូនមាន៥៣សេវា (តាមប្រព័ន្ធអនឡាញ)។
ងាកទៅមើលការរួមចំណែកដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការវិញ ក្នុងរយៈពេលដូចគ្នានេះដែរ រដ្ឋបាលស្រុកតំបែរបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋសុំដោះស្រាយក្រៅប្រព័ន្ធតុលាការចំនួន១៥បណ្ដឹង រួមមាន ករណីដីធ្លីមាន៧បណ្ដឹង ករណីរំលោភយកផ្លូវចាស់ ១បណ្ដឹង ករណីធ្វើឱ្យខូចរបងដីចម្ការ ១បណ្ដឹង ករណីចងការប្រាក់២បណ្ដឹង ករណីលែងលះ១បណ្ដឹង ករណីរំលោភលើកិច្ចសន្យា ២បណ្ដឹង និងទំនាស់ទាមទារកេរិ៍្តមរតកពីឪពុកម្ដាយ១បណ្ដឹង ។
រដ្ឋបាលស្រុកបានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមបណ្តឹងទាំងអស់នោះ អភិបាលស្រុក បានដឹកនាំមន្ត្រីជំនាញ ដោះស្រាយផ្សះផ្សារវិវាទបានចំនួន៦ករណី រួមមាន ករណីដីធ្លីដោះស្រាយបាន ១ករណី ករណីរំលោភយកផ្លូវចាស់ ១ករណី ករណីធ្វើឱ្យខូចរបងដីចម្ការ ១ករណី ករណីចងការប្រាក់ ១ករណី ករណីលែងលះ ១ករណី ករណីរំលោភលើកិច្ចសន្យា ១ករណី។
បើតាមលោក សុខ សារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកតំបែរ ស្ទើរតែគ្រប់កិច្ចប្រជុំដែលពាក់ព័ន្ធ និងការផ្តល់សេវា លោកតែងតែជំរុញឱ្យការិយាល័យច្រកចេញចូលតែមួយ ចាប់ពីថ្នាក់ស្រុក ដល់ឃុំ ខិតខំយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អបំផុត ជាពិសេសរិះរកគ្រប់មធ្យោបាយកាត់បន្ថយការកកស្ទះឯកសារនានា សំដៅធ្វើយ៉ាងណាឱ្យការបម្រើសេវាសាធារណៈ កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ លោកអភិបាលស្រុក បន្ថែមថា រដ្ឋបាលស្រុកតំបែរមានអគារការិយាល័យច្រកចេញចូលតែមួយតាមស្តង់ដា និងប្រមូលផ្តុំការផ្តល់សេវាឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជូនប្រជាពលរដ្ឋតាមនីតិវិធីសាមញ្ញ ប្រកបដោយប្រសិទ្ធ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបានពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ ស្រុកតំបែរជាស្រុកមួយក្នុងចំណោមស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ ស្ថិតនៅប៉ែកខាងជើងនៃទីរួមខេត្ត មានចម្ងាយប្រមាណជា២០គីឡូម៉ែត្រ។ ស្រុកនេះមានផ្ទៃដីទំហំ ៧៩២គីឡូម៉ែត្រក្រឡា ចែកជា៧ឃុំ និងមានភូមិចំនួន៨៣ភូមិ ដែលមានប្រជាពលរដ្ឋរស់នៅសរុប ១៩.៩៧៥គ្រួសារ ស្មើនឹង ៨៧.១២៩នាក់ និងមានប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅ ៣.២៤២គ្រួសារ ស្មើ១៤.៦៥៣នាក់៕
ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ