ភ្នំពេញ ៖ នារីម្នាក់ បានជិះម៉ូតូធំ វ៉ាឡានធំសណ្ដោងរុឺម៉កខាងស្ដាំដៃមិនផុត ដួលចូលក្រោមឡានកិន ស្លាប់យ៉ាង អាណោចអាធម៌នៅនឹងកន្លែង កាលពីវេលាម៉ោង១៨:៣៥នាទីយប់ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណា្តលឲ្យមនុស្សស្រី០១នាក់ស្លាប់នៅកន្លែងកើតហេតុ។ ដោយភាគីរថយន្តម៉ាកHINO ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A-3048 (អ្នកបើកបររត់គេចពីកន្លែងកើតហេតុបាត់)។ រីឯភាគីម៉ូតូម៉ាក YAMAHA R6 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GB-6009 បើកបរដោយឈ្មោះ យូ ចាន់ណា ភេទស្រី អាយុ៣១ឆ្នាំមុខរបរលក់ដូរ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ ពាក់មួកសុវត្ថិភាព)។
តាមប្រភពព័ត៌មាន និងរូបវីដេអូកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តនិងម៉ូតូបើកបរស្របទិសគ្នាក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុម៉ូតូក៏បានឡើងវ៉ារថយន្តខាងស្តាំរួចបានវ៉ាក់ជាមួយរថយន្តមួយគ្រឿងទៀតបើកថយក្រោយ ម៉ូតូបានគេចបោកចូលក្រោមរថយន្តដែលមកស្របទិសគ្នាតែម្ដង។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ រួចធ្វេីកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាង(រថយន្ត និងម៉ូតូធំ) ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបន្តនីតិវិធី ៕
