អាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង នឹងលាជារៀងរហូត ក្រោយឆ្លងកាត់ព្យុះភ្លៀងជាច្រើនសម័យកាលប្រមាណ៦៦ឆ្នាំ

ចែករំលែក៖

ភ្នំពេញ​៖​ បើមិនមានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬឈ្មោះដើមហៅថាអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងត្រូវបិទទ្វារនៅម៉ោង ០០:០០ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ ការប្រកាសបិទទ្វារនេះធ្វើឡើងបន្ទាប់ពីកម្ពុជាទទួលបានអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដែលបានសាងសង់រួចរាល់ដំណាក់កាលទី១ និងបើកឲ្យដំណើរការនៅថ្ងៃទី០៩កញ្ញាដូចគ្នាដែរ។ ការបិទទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ពោធិ៍ចិនតុង) គឺធ្វើឡើងក្រោយពីអាកាសយានដ្ឋានមួយនេះបានឈរជើងបម្រើការលើផ្នែកអាកាសចរស៊ីវិលអស់រយៈពេល៦៦ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ១៩៥៥មក ហើយការបិទទ្វារនេះគឺបិទជារៀងរហូតដោយជម្រាបលាទៅកាន់ប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ និងអន្តរជាតិ។

អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣។ ដំបូងឡើយ វាត្រូវបានបង្កើតនៅក្នុងឆ្នាំ១៩២៤ អំឡុងពេលសម័យអាណាព្យាបាលបារាំង។ អាកាសយានដ្ឋាននេះ បានបើកដំណើរការនៅឆ្នាំ១៩៥៥ លើផ្ទៃដីទំហំ ៣៦៦,៧២ហិកតា ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅជាយរាជធានីភ្នំពេញ ចម្ងាយប្រមាណ ១០គីឡូម៉ែត្រ។

នៅឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការវិនិយោគឲ្យក្រុមហ៊ុន សូស៊ីយេតេ កុងសេស្យូនែ ដឺ ឡាអេរ៉ូព័រ ធ្វើការអភិវឌ្ឍសាងសង់ និងគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្រុមហ៊ុននេះបានដឹកនាំការអភិវឌ្ឍសំខាន់ៗរួមមាន ការសាងសង់ផ្លូវដើរយន្តហោះថ្មី ចំណតយន្តហោះ អាគារស្តុកទំនិញជាដើម។ ដល់ឆ្នាំ២០០២ អាកាសយានដ្ឋាននេះការអភិវឌ្ឍបន្ថែម កាន់តែទាក់ទាញទេសចរ។

ដោយហេតុថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ផ្ទៃដីមានលក្ខណៈតូចចង្អៀត ទីតាំងទៀតសោធស្ទើតែស្ថិតចំកណ្តាលរាជធានីភ្នំពេញ និងក្នុងតំបន់ប្រតិបត្តិការអាកាសយានដ្ឋានបច្ចុប្បន្ន ពោរពេញទៅដោយសំណង់អគារខ្ពស់ៗ ដែលជាឧបសគ្គដល់សុវត្ថិភាពកិច្ចប្រតិបត្តិការហោះឡើង-ចុះចតអាកាសយានគ្រប់ប្រភេទ និងជុំវិញបរិវេណអាកាសយានដ្ឋាន ក៏ហុំព័ទ្ធដោយសំណង់លំនៅដ្ឋារបស់ប្រជាពលរដ្ឋជាច្រើនណែនណាន់តាន់តាប់ផងដែរ ដែលជាឧបសគ្គមិនអាចធ្វើការអភិវឌ្ឍពង្រីកបន្ថែមបានស្របតាមផែនការមេនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលំដាប់4F។ ដើម្បីបំពេញបានតាមតម្រូវការនៃកំណើនជើងហោះហើរ និងកំណើនអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូលព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាល បានផ្តល់ការវិនិយោគឲ្យក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី ធ្វើការអភិវឌ្ឍសាងសង់ និងគ្រប់គ្រងប្រតិបត្តិការអាកាសយាន្តអន្តរជាតិថ្មីមួយលំដាប់ថ្នាក់4F ឈ្មោះថា«អាកាសយានដ្ឋានអន្តរជាតិតេជោ»៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print