ខេត្តឧត្តរមានជ័យ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់ លោកបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអគ្គលេខាធិការរងប្រចាំការនៃរដ្ឋសភា និងលោក ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា នាំយកអំណោយជាថវិកានិងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនលោក មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដើម្បីយកទៅចែកជូនបន្តដល់វីរកងទ័ពជួរមុខ ក៏ដូចជាវីរកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺ ព្រមទាំងពលរដ្ឋដែលបានភៀសសឹក នៅក្នុងខេត្តឧត្តរមានជ័យ។
ពិធីប្រគល់និងទទួលអំណោយនេះបានប្រារព្ធធ្វើឡើងសាលាខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥។ លោក មាន ចាន់យ៉ាដា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ក៏ដូចជាសមាជិកសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សមាជិកសមាជិការដ្ឋសភា ព្រមទំាងថ្នាក់ដឹកនាំខុទ្ទកាល័យ សម្តេចប្រធានរដ្ឋសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានផ្សារភ្ជាប់សុខទុក្ខ ជាមួយយុទ្ធជនជួរមុខ។ ការយកចិត្តទុកដាក់នេះ ជាកម្លំាងចិត្តដ៏សំខាន់ចំពោះយុទ្ធជនជួរមុខ ឈរការពារបូរណភាពទឹកដី អធិបតេយ្យជាតិ យ៉ាងអង់អាចក្លាហាន របស់យុទ្ធជនវីរកងទ័ពកម្ពុជា ក្រោមការដឹកនាំដ៏វាងវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។
លោកអភិបាលខេត្ត បានលើកឡើងពីជោគជ័យរបស់កម្ពុជាប្រឆាំងការឈ្លានពានរបស់ថៃនៅពេលនេះ ដោយសារ កម្ពុជា មានសំណាងមានអ្នកដឹកនាំប្រកបដោយគតិបណ្ឌិតគឺ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានបទពិសោធន៍បញ្ជាកងទ័ព បទពិសោធន៍ការងារការទូត ការចរចា និងផ្លូវច្បាប់ ប្រកបដោយភាពវាងវៃ មនសិការស្នេហាជាតិនិងពលរដ្ឋដ៏ជ្រាលជ្រៅ រួមជាមួយការលះបង់ខ្ពស់ អង់អាចក្លាហានរបស់វីរកងព័ទគ្រប់ជាន់ថ្នាក់ មានសាមគ្គីភាព សា្មរតីស្នេហាជាតិជាធ្លុងតែមួយ។
លោកបណ្ឌិត កែវ ពិសិដ្ឋ បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងការកោតសរសើរ ដ៏ជ្រាលជ្រៅ បំផុតពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជូនដល់បងប្អូនវីរកងទ័ព ដ៏អង់អាចក្លាហានទាំងអស់ ដែលកំពុងឈរជើង នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការស៊ីវិលចំណុះរដ្ឋបាលខេត្តឧត្តរមានជ័យទាំងអស់។ លោកបណ្ឌិតបានគូសបញ្ជាក់ថា ជានិច្ចកាល សម្តេចរដ្ឋសភាធិបតី តែងតែគិតគូរពីសុខទុក្ខបងប្អូនវីរកងទ័ព កងកម្លាំង និងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាជននៅតាមព្រំដែន និងបានបន្តឧបត្ថម្ភ គាំទ្រទាំងស្មារតី សម្ភារៈ និង ថវិកាជាហូរហែកន្លងមក។
លោកបណ្ឌិត បានគូសបញ្ជាក់ថា ក្នុងនាមតំណាងប្រជាពលរដ្ឋ សម្តេចប្រធានរដ្ឋសភា បានខិតខំបំពេញតួនាទី ដើម្បីលើកកម្ពស់សុខសន្តិភាព ស្ថិរភាពសង្គម ទាំងក្នុងប្រទេស និងការងារការទូតសភា នៅលើវេទិកាអន្តរជាតិ ស្របតាមចក្ខុវិស័យសន្តិភាព របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ។
តាងនាម សម្តេចប្រធានរដ្ឋសភា និងជំនួសមុខឱ្យថ្នាក់ដឹកនាំខុទ្ទកាល័យ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា លោកបណ្ឌិត កែវ ពិសិដ្ឋ បានសម្តែងនូវគារវកិច្ចគោរពដឹងគុណដ៏ស្មោះអស់ពីដួងចិត្តចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ព និង កងកម្លាំងគ្រប់ប្រភេទ ដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែន តំបន់ប្រាសាទព្រះវិហារ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ឯករាជ្យ អធិបតេយ្យ និងការការពារសុខសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ វីរភាពនេះពិតជាការលះបង់ខ្ពស់ដោយបានពលីជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីប្តូរផ្តាច់ការពារ បូរណភាពទឹកដី និងអធិបតេយ្យជាតិ មាតុភូមិ ជាពិសេសបានធ្វើឱ្យប្រជាជនដែលនៅសមរភូមិក្រោយ មានក្តីអាណិត ស្រឡាញ់ និងគោរពដល់វីរភាពដ៏អង់អាចក្លាហាន និងបានឆ្លាក់ទុកនូវគំរូវីរភាពនេះក្នុងក្រអៅបេះដូងគ្មានថ្ងៃបំភ្លេចបានឡើយ។ ការណ៍នេះបានក្លាយជាកម្លាំងចលករមួយ និងស្មារតីជាតិនិយមគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលបង្កើតបានជាមហាសាមគ្គីជាតិដ៏ខ្លាំងក្លា មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។
ជាមួយគ្នានេះ តំណាងសម្តេចប្រធានរដ្ឋសភា លោក ឃួន ដាវិត បានមានប្រសាសន៍ថា សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណ ជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បើទោះបី ជាមិនបានចូលរួមប្រយុទ្ធផ្ទាល់នៅក្នុងសមរភូមិ ក៏ប៉ុន្តែបានលះបង់ទាំងកម្លាំងកាយ ស្មារតី និងពេលវេលា ដើម្បីរួមសុខរួមទុក្ខជាមួយកងទ័ព និងប្រជាជន ពិសេសជាមួយ ប្រជាជនភៀសសឹក និងបានផ្សព្វផ្សាយពីការវិវត្តន៍ថ្មីៗពីសភាពការណ៍ព្រំដែន ជូនដល់ប្រជាជន ដើម្បីរួមគ្នាអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវចំណាត់ការ និងជឿជាក់ លើការដឹកនាំរបស់ថ្នាក់ដឹកនាំមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជានាយអគ្គភស្តុភារកំពូល នៃកងយោធពលខេមរភូមិន្ទ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពហ្មត់ចត់ ឈ្លាសវៃ តាមរយៈការចរចាការទូត និងការប្រកាន់យកការដោះស្រាយ ជម្លោះស្របតាមច្បាប់អន្តរជាតិ អនុវត្តយ៉ាងម៉ឺងមាត់នូវបទឈប់បាញ់ ដើម្បីការពារសុវត្ថិភាព សុខសន្តិភាព និងអាយុជីវិតពលរដ្ឋ។ ថ្នាក់ដឹកនាំកម្ពុជាតែងតែតម្កល់ផលប្រយោជន៍ និងសេចក្តីសុខប្រជាពលរដ្ឋជាអាទិភាព។
សូមជម្រាបថាអំណោយរបស់ សម្តេចប្រធានរដ្ឋសភា ដែលចែកជូនវីរកងព័ទ និងពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ នៅក្នុងឱកាសនេះ មានថវិកាចំនួន១០៥លានរៀល ម៉ូតូ១២គ្រឿង អង្ករ១០០បាវ រួមនិងសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។ អំណោយទំាងអស់នេះជារបស់សម្តចប្រធានរដ្ឋសភាផ្ទាល់ និងទទួលពីសប្បុរជនមួយចំនួន ផងដែរ៕
ដោយ ៖ សិលា