ខេត្តបាត់ដំបង ៖ ជនមួយក្រុមពូនស្ទាក់កាប់ និងបាញ់ដោយជំពាមកៅស៊ូទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសខ្នងដែលមន្ត្រីនិងអ្នកច្បាប់នានាចាត់ទុកជាបទ«ល្មើសព្រហ្មទណ្ឌ» ត្រូវបានលោកមេប៉ុស្ដិ៍រដ្ឋបាលស្ដីទីម្នាក់ ជម្រុញឱ្យភាគីទាំងពីរសម្របសម្រូលបញ្ចប់រឿង កាលពីល្ងាចថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលទំនងមិនបានសុំគោលការណ៍ថ្នាក់លើ ឬស្នើសុំយោបល់តំណាងអយ្យការមួយម៉ាត់ឡើយ ។
ករណីប៉ុនប៉ងមនុស្សឃាតនេះ បានកើតឡើងនៅម៉ោងប្រហែល៧ និង៣០នាទីយប់ថ្ងៃទី ០៤ ខែកញ្ញា ត្រង់ចំណុច«ស្ពានបឹងច្រមុះ» ដែលជាកន្លែងស្ងាត់ ស្ថិតក្នុងភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់។ ជនរងគ្រោះដែលរងការប៉ុនប៉ងសម្លាប់ពីក្រុមជនដៃដល់ឈ្មោះ ហេង ជាដារ៉ាវង្ស ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិភ្នំសំពៅ ស្រុកបាណន់។ ជនរងគ្រោះត្រូវបានក្រុមជនដៃ ដល់បាញ់ឲ្យរងរបួសខ្នង ត្រង់ឆ្អឹងជំនីរខាងស្ដាំ ដែលគេសង្ស័យបាញ់ដោយជំពាមកៅស៊ូប្រើគ្រាប់បាដាងកង់ ។
ក្នុងហេតុការណ៍ស្ទាក់បាញ់ប្រហារ «ប៉ុនប៉ងមនុស្ស ឃាត» នេះ បើតាមគេស្រង់សម្ដីពីជនរងគ្រោះបានឲ្យដឹងថា នៅយប់នោះ មុនពេលកើតហេតុ មិត្តភក្ដិខ្លួនឈ្មោះ ខួច បានជិះម៉ូតូមកឌុបខ្លួនពីផ្ទះ តែមិនបានប្រាប់ថា ទៅណាទេ ។ ជនរងគ្រោះ បានប្រាប់ថា ពេលជិះចេញដល់កន្លែងកើតហេតុ ជាកន្លែងស្ងាត់ផង ស្រាប់ តែមានមនុស្សមួយក្រុមប្រហែលពី០៤ទៅ០៥នាក់ ក្នុងនោះមានឈ្មោះ ទូ ដែលមានជម្លោះជាមួយខ្លួននៅទី នោះផង ពូនស្ទាក់ចាំជាស្រេច។
ក្រុមឈ្មោះទូ បានស្ទុះចេញមកកាក់ ដែលទំនងមានកាំបិត ឬដំបងផង ហើយគ្រាហ៍នោះ ខ្លួនក៏លោតចុះពីម៉ូតូរត់ រីឯមិត្តភក្ដិឈ្មោះ ខួច ដែលឌុបខ្លួនបានស្ទុះចាប់ ដៃ អ្នកដែលរកកាប់ ឬវាយខ្លួន។ ពេលដែលខ្លួនចុះរត់ គឺក្រុមនោះបានប្រើជំពាមកៅស៊ូ ដែលប្រើគ្រាប់កង់ បាញ់ត្រូវខ្នងខ្លួនមួយគ្រាប់ ។ ជនរងគ្រោះ ដារ៉ាវង្ស បាននិយាយពីប្រវត្តិជម្លោះដូច្នេះថា មុនកើតហេតុមួយថ្ងៃ ខ្ញុំនិងឈ្មោះទូ បានប៉ះទង្គិចពាក្យសម្ដីគ្នា តែជាការប្រកែកគ្នាលេងទេ។
ការប្រកែកនោះ ឈ្មោះ ទូ បានបបួលខ្ញុំឡើងសង្វៀនវាយគ្នា ខ្ញុំក៏យល់ព្រមជាមួយគាត់ តែបែបនិយាយលេងទេ ព្រោះខ្ញុំនឹងគាត់ធ្លាប់ផឹកស៊ីជាមួយគ្នា លេងបាល់ជាមួយគ្នា ហើយមានមុខរបរប្រហាក់ប្រហែលគ្នាទៀត។ ប៉ុន្តែមិននឹកស្មានថា គាត់ខឹងខ្ញុំ រហូតនាំគ្នាចាំពួនស្ទាក់វាយខ្ញុំចឹងទេ។
ជនរងគ្រោះបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុ ខ្លួនបានទៅប៉ុស្ដិ៍នគរបាលភ្នំសំពៅ ដាក់ពាក្យបណ្ដឹងភ្លាមៗដែរ រហូតស្អែកឡើងក៏ទៅបំភ្លឺនៅកន្លែងប៉ុស្ដិ៍ទៀត តែចុងក្រោយលោកប៉ូលិសជម្រុញឲ្យខ្លួនហៅជនដៃដល់ មកសម្រួលបញ្ចប់រឿងត្រឹមប៉ុស្ដិ៍ជាមួយនឹងការគម្រាមខ្លួនថា បើមិនព្រមសម្រួលគ្នា គាត់នឹងចាប់បញ្ជូនទាំង០២ភាគី ទៅដេកហាលខ្យល់នៅអធិការ។
ពេលឮដូច្នេះ ទើបខ្លួននិងបងបង្អូន សុខចិត្តសម្រួលគ្នាត្រឹមប៉ុស្ដិ៍ និងធ្វើកិច្ចសន្យាជាមួយគ្នាតែម្ដងទៅ។
ជុំវិញសំណុំរឿងនេះ មន្ត្រីនានា ដែលបានដឹងពីដំណើរ រឿង បានលើកឡើងថា បើតាមស្ដាប់សាច់រឿងរបស់ជនរងគ្រោះ នេះជាអំពើ«ប៉ុនប៉ងមនុស្សឃាតដោយចេតនា ដែលភាគីដៃដល់បានរៀបចំផែនការច្បាស់លាស់ ក្នុងការតាមសម្លាប់ជនរងគ្រោះ»។ ប៉ុន្តែបែរជាមន្ត្រីប៉ុស្ដិ៍ភ្នំសំពៅចាត់ទុកជារឿងតូចតាចទៅវិញ ? មិនតែប៉ុណ្ណោះ មិនព្រមចាត់ការលើក្រុមជនសង្ស័យទេ ក្រោយទទូលបណ្ដឹងជនរងគ្រោះ។ ហើយថែមទាំងដេញឲ្យជនរងគ្រោះខលហៅជនដៃដល់មិនចចារគ្នាបញ្ចប់រឿងទៀត។
បើតាមមន្ត្រីនៅអធិការស្រុកបាណន់បានបង្ហើបថា សំណុំរឿងនេះ លោក ម៉ី រតនា មេប៉ុស្ដិ៍ស្ដីទី ភ្នំសំពៅ មិនបានរាយការណ៍ជូនលោកអធិការឲ្យដឹងទេ។ សូម្បីមន្ត្រីជំនាញទូរសព្ទទៅសួរនាំ ក៏លោកមន្ត្រីប៉ុស្តិ៍នេះឆ្លើយធ្វើមិនដឹងមិនឮដែរ។ ឥឡូវលោកមេប៉ុស្ដិ៍ស្ដីទីរូបនេះ ថ្លើម ធំហ៊ានដោះស្រាយបញ្ចប់រឿងព្រហ្មទណ្ឌ ដែលជាបទ«ឧក្រិដ្ឋ» ដោយមិនចាំបាច់ឆ្លងយោបល់ថ្នាក់ដឹកនាំ ឬតំណាងអយ្យការ សូម្បីមួយម៉ាត់។
លោកឈឿង គឹមសុង ស្នងការងប្រាប់ថា ក្រោយទទូលបានដំណឹងនេះ ពីតាមបណ្ដាញសង្គម លោកបានសួរ នាំទៅលោកអធិការស្រុកបាណន់ តែហាក់មិនបានដឹងរឿងនេះ។ ចំពោះការដោះស្រាយបញ្ចប់រឿងនៅប៉ុស្ដិ៍រដ្ឋបាល គឺជាកំហុសធ្ងន់របស់មន្ត្រីប៉ុស្ដិ៍ព្រោះវាជាសំណុំ រឿងព្រហ្មទណ្ឌ មន្ត្រីនគរបាលមិនមានសិទ្ធសម្រួលបញ្ចប់រឿងបានទេ មិនមានការយល់ព្រមពីលោកព្រះរាជអាជ្ញា។ ដូច្នេះ មានតែលោកព្រះរាជអាជ្ញាទេ
ដែលមានសិទ្ធិបញ្ចប់បណ្ដឹងព្រហ្មទណ្ឌបាន។
នេះជាកំហុសរបស់មន្ត្រីប៉ុស្តិ៍រដ្ឋបាល ដែលដោះស្រាយបញ្ចប់សំណុំរឿងព្រហ្មទណ្ឌ មិនព្រមសុំយោបល់ថ្នាក់ លើ ឬមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា។ ប៉ុន្តែយ៉ាងណា លោកស្នងការរង បានបញ្ជាក់ថា នឹងសួរនាំស្រាវជ្រាវលើសំណុំរឿងនេះឡើងវិញ អំពីហេតុផល ដែលមន្ត្រីប៉ុស្តិ៍មិនព្រមចាត់ការតាមនីតិវិធីលើជន សង្ស័យ ហើយថែមទាំងហ៊ានដោះស្រាយបញ្ចប់សំណុំរឿងព្រហ្មទណ្ឌត្រឹមប៉ុស្តិ៍រដ្ឋបាលដោយមិនព្រមរាយការណ៍ជូនថ្នាក់ដឹកនាំសូម្បីមួយម៉ាត់៕