អន្តរជាតិ ៖ រសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Aleksandar Vučić ប្រធានាធិបតីនៃប្រទេសស៊ែប៊ី ដែលអញ្ជើញចូលរួមពិធីរំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសនៅប្រទេសចិន។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ចិននិងស៊ែប៊ី មានការពលីយ៉ាងធ្ងន់ធ្ងរនិងបានរួមចំណែកដ៏សំខាន់ដល់សមរភូមិនៅអាស៊ីនិងសមរភូមិនៅអឺរ៉ុបនៃសង្គ្រាមលោកលើកទីពីរ ។ ប្រទេសស៊ែប៊ី ជាប្រទេសអឺរ៉ុបទីមួយដែលបានរួមគ្នាបង្កើតសហគមន៍រួមវាសនាក្នុងយុគសម័យថ្មីជាមួយប្រទេសចិន ការនេះបានបង្ហាញពីលក្ខណៈពិសេសនិងកម្រិតខ្ពស់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ក្នុងនាមជាំមិត្តដែកថែប ប្រទេសចិនគាំទ្រស៊ែប៊ីក្នុងការគាំពារផលប្រយោជន៍ប្រទេសជាតិនិងស្ថិរភាពសង្គម ក៏ដូចជាស្វែងរកផ្លូវអភិវឌ្ឍន៍ដ៏ជោគជ័យដែលសមស្របនឹងសភាពការណ៍ប្រទេសខ្លួន ។ ភាគីទាំងពីរគួរពង្រឹងការបន្ស៊ីគ្នានៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការលើវិស័យបញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងថាមពលថ្មីជាដើម ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងស៊ែប៊ីរីកចម្រើនទៅមុខឥតឈប់ឈរ ។
ជាការឆ្លើយតប លោក Aleksandar Vučić បានថ្លែងថា គំនិតផ្តួចផ្តើមស្តីពីអភិបាលកិច្ចសកល ជាគំនិតផ្តួចផ្តើមដ៏សំខាន់ដែលលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង លើមូលដ្ឋាននៃការវិភាគយ៉ាងស៊ីជម្រៅចំពោះស្ថានភាពអន្តរជាតិនាពេលបច្ចុប្បន្ន ប្រទេសស៊ែប៊ីគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមនេះ ។ ហើយរំពឹងទុកធ្វើកិច្ចសហប្រតិបតិ្តការជាក់ស្តែងកាន់តែជិតស្និទ្ធជាមួយប្រទេសចិន សូមស្វាគមន៍សហគ្រាសចិនទៅបណ្តាក់ទុននិងធ្វើអាជីវកម្មនៅប្រទេសស៊ែប៊ី ៕
ប្រភព ៖ (CCFR)