ឯកអគ្គរដ្ឋទូតបួគីណាហ្វាសូ ប្រចាំកម្ពុជា​ ចាប់អារម្មណ៍ចំពោះផលិតផលស្ករត្នោតកម្ពុជា និងមានបំណងរៀបចំទស្សនកិច្ចសិក្សារវាងវិស័យឯកជន ដើម្បីសិក្សាបន្ថែមអំពីសក្ដានុពលនៃផលិតកម្មស្ករត្នោតកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Daouda BITIE ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ​ កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋលេខាធិការ បានទទួលស្វាគមន៍​ លោកឯកអគ្គរដ្ឋទូតយ៉ាងកក់ក្តៅ និងលើកឡើងអំពីការពិនិត្យលទ្ធភាពបង្កើនការដោះដូរទំនិញ តាមរយៈការអនុវត្តយន្តការបំពេញបន្ថែមផ្នែកពាណិជ្ជកម្ម (trade complementarity) និងការបង្កើតកម្មវិធីផ្គូរផ្គងធុរកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូតបានលើកឡើងអំពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរសម្រាប់អត្ថប្រយោជន៍រួម ដែលក្នុងនោះ លោកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងបួគីណាហ្វាសូក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច ដែលមានប្រវត្តិសាស្ត្រស្រដៀងគ្នា និងបានកោតសរសើរកម្ពុជាក្នុងការខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវលក្ខខណ្ឌតម្រូវដើម្បីអាចចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) ព្រមទាំងបានស្នើឱ្យមានការចែករំលែកបទពិសោធន៍ ចំណេះដឹង និងអ្នកជំនាញឯកទេសដើម្បីរួមចំណែកអភិវឌ្ឍវិស័យសក្ដានុពលរបស់ប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកបានសម្ដែងនូវចំណាប់អារម្មណ៍ចំពោះផលិតផលស្ករត្នោតកម្ពុជា និងមានបំណងរៀបចំទស្សនកិច្ចសិក្សារវាងវិស័យឯកជន ដើម្បីសិក្សាបន្ថែមអំពីសក្ដានុពលនៃផលិតកម្មស្ករត្នោតកម្ពុជា ក៏ដូចជាកសិផលផ្សេងៗផងដែរ។

ជាកិច្ចបញ្ចប់ លោករដ្ឋលេខាធិការ ក៏បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតជួយផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនិងធុរកិច្ចនៅកម្ពុជា ជូនដល់វិនិយោគិន និងធុរជនបួគីណាហ្វាសូ ដើម្បីអាចទាញយកអត្ថប្រយោជន៍ពាណិជ្ជកម្មជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print