ក្លឹបបាល់ទាត់Paris St Germain ប្រឈមមុខនឹងបញ្ហាខ្សែប្រយុទ្ធដោយ កីឡាករ Ousmane Dembeleបានរងរបួសសរសៃពួរត្រូវសម្រាកប្រហែល 6 សប្តាហ៍ ខណៈដែលខ្សែបម្រើស្លាប Desire Doue នឹងអវត្តមានប្រហែល 4 សប្តាហ៍ដោយសារបញ្ហាកំភួនជើង។
ពួកគេបានរងរបួសអំឡុងពេលបារាំងយកឈ្នះអ៊ុយក្រែន ២-០ ក្នុងការប្រកួតជម្រុះ World Cup នៅប្រទេសប៉ូឡូញកាលពីថ្ងៃសុក្រ។
Doue ត្រូវបានជំនួសដោយកីឡាករ Dembele នៅតង់ទី 2 ប៉ុន្តែកីឡាករវ័យ 28 ឆ្នាំនេះបានរងរបួសនៅនាទីទី 81 ។
Dembele ដែលជាកីឡាករដែលមានឱកាសច្រើនឈ្នះពាន Ballon d’Or ឆ្នាំនេះ ដោយដើរតួយ៉ាងសំខាន់ក្នុងយុទ្ធនាការឈ្នះពានបីរបស់ PSG កាលពីរដូវកាលមុន ដែលរួមមានពានរង្វាន់ Champions League លើកដំបូងរបស់ពួកគេ Ligue 1 ពាន French Cup និង French Super Cup ផងដែរ។
គាត់បានស៊ុតបញ្ចូលទីបាន 35 គ្រាប់ និងបានបញ្ជូន 16 ដងក្នុងការបង្ហាញខ្លួន 53 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ PSG កាលពីរដូវកាលមុន។ PSG បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា “Ousmane Dembele បានរងរបួសយ៉ាងធ្ងន់ធ្ងរដល់សរសៃពួរខាងស្តាំរបស់គាត់។ គាត់ត្រូវបានគេរំពឹងថានឹងមិនអាចលេងបានប្រហែលប្រាំមួយសប្តាហ៍។ចំណែកDesire Doue បានរងរបួសត្រង់កំភួនជើងខាងស្តាំ ហើយនឹងត្រូវអវត្តមានប្រហែលបួនសប្តាហ៍”។
PSG នឹងមានការប្រកួតបន្ទាប់ធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុម Lens ក្នុង Ligue 1 នៅថ្ងៃទី 14 ខែកញ្ញា បន្ទាប់មកចាប់ផ្តើមការការពារតំណែងជើងឯក Champions League ទល់នឹងក្រុម Atalanta បីថ្ងៃបន្ទាប់។