បាតុករ ៤២៥នាក់ ត្រូវប៉ូលិសអង់គ្លេសចាប់ខ្លួន ក្នុងបាតុកម្មគាំទ្រប៉ាឡេស្ទីន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប៉ូលិសអង់គ្លេស បានចាប់ខ្លួនមនុស្ស ៤២៥នាក់ កាលពីថ្ងៃសៅរ៍ ទី៦ ខែកញ្ញា នៅឯបាតុកម្មតវ៉ាមួយដើម្បីបង្ហាញការគាំទ្រដល់ចលនា Palestine Action ហើយដែលនេះជាជុំចុងក្រោយ បំផុតមួយនៃការចាប់ខ្លួនអ្នកគាំទ្រចលនាមួយនេះដែលត្រូវបានរដ្ឋាភិបាលអង់គ្លេសហាមឃាត់ដោយចាត់ទុកថាជាអង្គការភេរវកម្ម។

រដ្ឋាភិបាលអង់គ្លេស បានដាក់ចេញបម្រាមលើចលនា Palestine Action នៅក្រោមច្បាប់ប្រឆាំងអំពើភេរវកម្ម កាលពីខែកក្កដាកន្លងទៅ បន្ទាប់ពីសមាជិកមួយចំនួននៃចលនាមួយនេះបានសម្រុកចូល មូលដ្ឋានមួយកន្លែងរបស់កងទ័ពជើងអាកាសអង់គ្លេស និងបង្កការខូចខាតដល់យន្ដហោះយោធាមួយចំនួន។ សមាជិកមួយចំនួននៃចលនា Palestine Action ក៏បានកំណត់គោលដៅក្រុមហ៊ុនផលិត អាវុធក្នុងចក្រភពអង់គ្លេសដែលមានជាប់ពាក់ព័ន្ធនឹងអ៉ីស្រាអែលផងដែរ ដោយចោទរដ្ឋាភិបាលអង់គ្លេសថាគប់គិតជាមួយអ៉ីស្រាអែលក្នុងសង្រ្គាមនៅហ្កាហ្សាដែលពួកគេហៅថាជាឧក្រិដ្ឋកម្មសង្រ្គាម។
តាមប៉ូលិសអង់គ្លេស អ្នកគាំទ្ររាប់រយនាក់របស់ចលនា Palestine Action ត្រូវបានចាប់ខ្លួននាប៉ុន្មានសប្ដាហ៍ថ្មីៗនេះ នៅក្រោមច្បាប់ប្រឆាំងអំពើភេរវកម្ម ក្នុងនោះរួមមានមនុស្ស ៥០០នាក់ ត្រូវបាន ចាប់ខ្លួនក្នុងពេលត្រឹមតែមួយថ្ងៃកាលពីខែសីហាកន្លងទៅ។ បាតុកររាប់រយនាក់បានប្រមូលផ្ដុំគ្នាតវ៉ានៅក្បែរអគាររដ្ឋសភាក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍ ដើម្បីសម្ដែងការប្រឆាំងជំទាស់ទៅនឹងបម្រាមលើ ចលនា Palestine Action ដោយក្រុមបាតុករបានលើកផ្ទាំងបដាដែលសរសេរថា «ខ្ញុំប្រឆាំងអំពើប្រល័យពូជសាសន៍។ ខ្ញុំគាំទ្រ Palestine Action»។
ប៉ូលិសអង់គ្លេសបានឱ្យដឹងថាក្នុងបាតុកម្មកាលពីថ្ងៃសៅរ៍ មនុស្ស ៤២៥នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានទាំងអ្នកវាយប្រហារលើមន្ត្រីប៉ូលិស និងគាំទ្រចលនា Palestine Action។ នៅក្រោមច្បាប់ប្រឆាំងអំពើភេរវកម្មរបស់ចក្រភពអង់គ្លេស ការដាក់បម្រាមលើចលនា Palestine Action មានន័យថាចលនាមួយនេះជាប់បម្រាមដូចគ្នាទៅនឹងក្រុមអាល់កៃដា និង ISIS ដូច្នេះថា អ្នកគាំទ្រ ឬការចូលជាសមាជិកចលនាមួយនេះគឺជាបទល្មើសព្រហ្មទណ្ឌដែលអាចប្រឈមនឹងការកាត់ទោសជាប់ពន្ធនាគារ ១៤ឆ្នាំ៕

...

រូបថត​: VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print