ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៧៨២ ស្ថិតនៅឆ្នេរទន្លេចៅប្រាយ៉ា រាជធានី បាងកក កំពុងតែលិចលង់ចូលក្នុងទឹកសមុទ្របន្តិចម្តងៗ។ កាលពីមុនរាជធានីមានកម្ពស់ពីទឹកសមុទ្រតែ ១ម៉ែត្រកន្លះប៉ុណ្ណោះ។ ប៉ុន្តែជាច្រើនឆ្នាំមកនេះបានស្រុតចុះយ៉ាងខ្លាំង ដូចជាបាតខ្ទះត្រូវទឹកសមុទ្រហុ៊មព័ទ្ធ។ ក្នុងពេល៦០ឆ្នាំចុងក្រោយនេះ តំបន់ជាច្រើនដូចជា Lad Phrao, Phra Khanong, Bang Na បានស្រុតចុះ ១,៧ម៉ែត្រ ហើយបន្តស្រុតចុះ ពី1,5 ដល់5,3 សង់ទីម៉ែត្រ ជារៀងរាល់ឆ្នាំ។
អ្នកជំនាញថៃ លោក Sonthi Kotchawat បានព្រមានថា ទីក្រុងបាងកកកំពុងប្រឈមនឹងវិបត្តិគ្រោះទឹកជំនន់ដ៏ស្មុគស្មាញដែលអាចនឹងធ្វើឱ្យផ្នែកជាច្រើននៃរាជធានីមួយនេះ របស់ថៃអាចនឹងជន់លិចនៅឆ្នាំ២០៣០។
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក Sonthi Kotchawat ដែលជាអ្នកជំនាញម្នាក់ខាងបរិស្ថានរបស់ថៃបានគូសបញ្ជាក់ពីកត្តាសំខាន់ៗមួយចំនួនដែលនៅពីក្រោយ វិបត្តិទឹកជំនន់។ តាមអ្នកជំនាញរូបនេះកត្តានៅពីក្រោយវិបត្តិគ្រោះទឹកជំនន់ក្នុងនោះរួមមានកត្តាទីតាំងភូមិសាស្ត្រដែលទីក្រុងបាកកកស្ថិតនៅតំបន់ទំនាបទាប ការកើនឡើងកម្រិតទឹកសមុទ្រ ការប្រែប្រួលអាកាសធាតុសកល និងបញ្ហាប្រព័ន្ធរំដោះទឹកជាដើម។
តាមលោក Kotchawat ជាជម្រើសចុងក្រោយបំផុត ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់មិនអាចដោះស្រាយបាន រដ្ឋាភិបាលថៃគួរតែពិចារណារើរាជធានី ដូចគ្នាទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេសឥណ្ឌូណេស៊ីដែលរើរដ្ឋធានីហ្សាការតាទៅកាន់ទីក្រុង Nusantara ដើម្បីបញ្ចៀសការជន់លិចនៅថ្ងៃអនាគត៕ ដោយធីរីណា
រូបថត:Bangkok Post