ខេត្តតាកែវ÷ ដោយមានការចង្អុលបង្ហាញពីលោកឧត្តម សេនីយ៍ទោស្នងការខេត្ត,លោកអធិការស្រុកគីរីវង់ កាលនៅថ្ងៃសៅរ៍ទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោងប្រហែល១៤ នៅចំណុចក្នុងវត្តអង្គរុន ស្ថិតនៅភូមិចំរេះ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណីលួច ម៉ូតូបង្កឡើងដោយជនសង្ស័យឈ្មោះ អ៊ុន ផល្លា ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងព្រីង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះដែលទុកនៅក្នុងវត្តខាងលើ។
ជនរងគ្រោះឈ្មោះ នូ សុខនាង ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិស្វាយវល្លិ៍ ឃុំកំពេង ស្រុកគិរីវង់ ខេត្តតាកែវ។ ម៉ូតូរបស់ជនរងគ្រោះម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ស្លាកលេខ សៀមរាប មិនចាំលេខ ជិះគេចទៅបាត់។
រហូតដល់ម៉ោងវេលាម៉ោង១៦និង៣០នាទី នៅថ្ងៃខែដដែល សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះខាងលើបាន។ ជនសង្ស័យក៏បានឆ្លើយសារភាពថាម៉ូតូដែលបានលួចខាងលើគឺរូបគេបានយកទៅប្រគល់ឱ្យ ឈ្មោះ ជូ ទិត្យ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ជាអ្នកយកទៅលក់។ បន្ទាប់មកសមត្ថកិច្ចស្រាវជ្រាវស្វែងរកឃាត់ខ្លួនបានជនសង្ស័យជាបក្ខពួកចំនួន០២នាក់ទៀត នៅចំណុចវត្តអង្គសុវណ្ណសាគរ ស្ថិតនៅភូមិកំណប់ ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ មានឈ្មោះដូចខាងក្រោម÷
១.ឈ្មោះ ញ៉ែម សំណប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត(បក្ខពួកនិង២.ឈ្មោះ ឯក ចំរិត ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ (បក្ខពួក)។
សមត្ថកិច្ចបានបន្តនីតិវិធីសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រពុំឈូក នៃអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត បានឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួក១នាក់ទៀត ឈ្មោះ យិន សុផាណាត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ នៅចំណុចភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ រួមនិងវត្ថុតាងម៉ូតូដែលបាត់ខាងលើ យកមកសាកសួរ។
គួរបញ្ជាក់ថា ចំពោះជនសង្ស័យឈ្មោះ អ៊ុន ផល្លា ធ្លាប់ជាប់ពន្ធធានាគារ១លើករួចមុខហើយ (ពាក់ព័ន្ធក្នុង ករណីលួចមានស្ថានទម្ងន់ទោស ជាប់ពន្ធធានាគាររយះពេល៣ឆ្នាំ) ហើយក្រុមជនសង្ស័យជាមុខសញ្ញាលួចសកម្ម និងបានប្រើប្រាស់សារធាតុញៀនខុសច្បាប់។
បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនក្រុមជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕