កាសែត The Sunday Guardian ផ្សាយ៖ បក្សប្រឆាំង, អ្នកជាតិនិយមថៃ «ជាប់ពាក់ព័ន្ធ» ក្នុងផែនការប្រឆាំងនឹងនាយករដ្ឋមន្ត្រីកម្ពុជា !

ចែករំលែក៖

ភ្នំពេញ ៖ សារព័ត៌មានThe Sunday Guardian ៖ «គណបក្សប្រឆាំង និងអ្នកជាតិនិយមថៃ មានជាប់ពាក់ព័ន្ធនៅក្នុងផែនការប្រឆាំងនឹងនាយករដ្ឋមន្ត្រីកម្ពុជា»

តាយរយៈអត្ថបទចុះផ្សាយលើគេហទំព័រ The Sunday Guardian ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ចេញនូវការបែកធ្លាយអនាមិក ដោយចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជាដែលកំពុងនិរទេសខ្លួនថា បានរៀបចំផែនការ បង្កភាពចលាចល នៅតាមព្រំដែនជាមួយប្រទេសថៃ»

អត្ថបទបានឱ្យដឹងថា ឯកសារផ្ទៃក្នុងដែលត្រូវបានចែករំលែកដោយអនាមិកជាមួយ The Sunday Guardian ក្នុងរយៈពេលមួយខែកន្លងមកនេះ បានអះអាងថា «ឥស្សរជនប្រឆាំងកម្ពុជាដែលកំពុងនិរទេសខ្លួនបានសម្របសម្រួលជាមួយចលនាជាតិនិយម «អាវលឿង» របស់ថៃដើម្បីបង្កអស្ថិរភាពដល់រដ្ឋាភិបាលកម្ពុជា»។

ឯកសារមានដូចជាអ៊ីមែលចុះថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២៥ដែលត្រូវបានចោទប្រកាន់ថា បានផ្ញើដោយ មូរ សុខហួរ ទៅឱ្យសកម្មជនភៀសខ្លួនឈ្មោះ ឯម ពិសិដ្ឋ ដែលដឹកនាំបណ្តាញយុវជនកម្ពុជាសកលនៅប្រទេសថៃ។ ឯកសារភ្ជាប់ជាមួយសារនោះ គឺជាឯកសារដែលមានចំណងជើងថា «ផែនការសកម្មភាពទ្វេភាគី និងសេចក្តីណែនាំរបស់ប្រធាន»។

ផែនការនេះបានកំណត់នូវសំណើដើម្បីផ្តួចផ្តើមសកម្មភាពយុទ្ធសាស្ត្រនៅតាមព្រំដែនកម្ពុជា-ថៃ និងការពង្រីកការនិយាយជាសាធារណៈអំពីបញ្ហាទឹកដីនៅក្នុងតំបន់រសើបៗ ដូចជាតាមាន់ធំ និងតំបន់មុំបីនៅព្រះវិហារ។

យោងតាមផែនការ ក្រុមអាវលឿងរបស់ប្រទេសថៃត្រូវបានប្រគល់ភារកិច្ចឱ្យប្រមូលកម្លាំងសម្រាប់ប្រតិបត្តិការនៅព្រំដែន ដើម្បីបង្កការរំខាន និងផ្តល់ការបណ្តុះបណ្តាលជាប្រព័ន្ធលើការប្រឈមមុខគ្នាដោយហិង្សា ការតវ៉ាអហិង្សា និងសង្គ្រាមព័ត៌មាន។ សម្រាប់ភាគីកម្ពុជា ផែនការនេះអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង «ពង្រឹងបណ្តាញនៅថ្នាក់មូលដ្ឋាន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា»និងសម្របសម្រួលជាមួយសកម្មជនថៃ ដើម្បីបញ្ឆេះមនោសញ្ចេតនាជាតិនិយម និង «ប្រែក្លាយជម្លោះកម្ពុជា-ថៃ ទៅជាបញ្ហាប្រឈមចំពោះភាពស្របច្បាប់នៃការគ្រប់គ្រងរបស់គ្រួសាររបស់លោក ហ៊ុន សែន ក្នុងគោលបំណងឈានទៅរកការផ្ដួលរំលំ»។

ឯកសារក៏មានសរសេរផងដែរថា «សេចក្តីណែនាំរបស់ប្រធាន (សំដៅមេបក្សប្រឆាំងកម្ពុជាដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស » បានស្នើឱ្យមានការបង្កើតមូលដ្ឋានសកម្មភាពនៅក្នុងប្រទេសថៃ ការរៀបចំសម្រាប់ការផ្តួចផ្តើមការ
បណ្តុះបណ្តាល និងការអនុវត្តវិធានការសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត និងការរក្សាទិន្នន័យឯកជនឱ្យបានតឹងរ៉ឹង ដើម្បីការពារការបែកធ្លាយព័ត៌មាន។

អ៊ីមែលដែលភ្ជាប់មកជាមួយនោះ បានបង្ហាញថា «មូរ សុខហួរ បានសរសេរទៅ កាន់ ឯម ពិសិដ្ឋ ដោយលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងទាំងនេះ»។ ឯកសារបែកធ្លាយនេះ ត្រូវបានទាក់ទងដើម្បសុំការអត្ថាធិប្បាយ។ គ្មានការឆ្លើយតបណា មួយពី ឯម ពិសិដ្ឋទេ រហូតមកដល់ពេលដែលអត្ថបទនេះបានចុះផ្សាយ។ ប្រភព ដែលបានផ្តល់ឯកសារទាំងនេះមិនបានបង្ហាញអត្តសញ្ញាណរបស់ពួកគេទេ។

អង្គការរបស់ មូរ សុខហួរ និង ឯម ពិសិដ្ឋ ធ្លាប់មានទំនាក់ទំនងគ្នាកាលពីអតីកាល។
នៅខែមីនា ឆ្នាំ២០២៤បណ្តាញយុវជនកម្ពុជាសកល និងចលនាខ្មែរដើម្បីប្រជាធិបតេយ្យបានប្រកាសអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលពួកគេបានបង្ហោះនៅលើ Facebook ដោយបានសន្យាសហការលើការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំយុវជន។ MoU នោះ មិនបានលើកឡើងអំពីប្រទេសថៃ ឬជម្លោះព្រំដែននោះទេ តែមានការបញ្ជាក់ថា «ភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាផ្លូវការលើសកម្មភាពបណ្តុះបណ្តាល» មុនពេល មានការបែកធ្លាយ នៅពេលនេះ។

ការលើកឡើងនៅក្នុងឯកសារ នោះអំពីរបបគ្រួសាររបស់សម្តេចហ៊ុន សែន គឺ
ពាក់ព័ន្ធនឹងតថភាពនយោបាយស្នូលរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានគ្រប់គ្រងប្រទេសអស់ រយៈពេលជិត ៤ទសវត្សមុនពេលប្រគល់អំណាច នៅឆ្នាំ២០២៣ ទៅឱ្យកូនប្រុសច្បងរបស់ លោកគឺសម្តេចធិបតី ហ៊ុន ម៉ាណែត។ ទោះយ៉ាងណា សម្តេច ហ៊ុន សែន នៅតែជាប្រធានព្រឹទ្ធសភា និងនៅតែត្រូវបានចាត់ទុកជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងនយោបាយកម្ពុជា។

អ្នកគាំទ្របានពណ៌នាការប្រគល់ អំណាចនេះ ថា ជា «ការបន្តនិងស្ថិរភាព» ខណៈ អ្នករិះគន់បានហៅ ថា ជា «ការដឹកនាំតវង្សត្រកូល»។ ការបែកធ្លាយនេះ បានកើតឡើងនៅចំពេលមានភាពតានតឹងជាថ្មីនៅព្រំដែន ជាពិសេសជុំវិញប្រាសាទតាមាន់ធំ ជាប្រាសាទដែលកម្ពុជា និងថៃទាមទារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទប្រកាន់មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសថាបានឃុបឃិតជាមួយបរទេសដើម្បីបង្កចលាចល ខណៈបណ្តាញផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាលបានព្រមានអំពីបដិវត្តន៍ពណ៌។

បទឈប់បាញ់ដ៏ផុយស្រួយមួយត្រូវបានធ្វើឡើងរវាងប្រទេសទាំងពីរនៅថ្ងៃទី២៨ខែ កក្កដា។ នៅប្រទេសថៃ ឆាកនយោបាយនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។

នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញដកតំណែងកាលពីថ្ងៃទី២៩ខែសីហា បន្ទាប់ពីកាន់តំណែងបានត្រឹមតែ ១ឆ្នាំ ប៉ុណ្ណោះ ពីបទបំពានក្រមសីលធម៌ ពាក់ព័ន្ធនឹងការសន្ទនាតាមទូរស័ព្ទដែលបានបែកធ្លាយកាលពីខែមិថុនា ។

នៅក្នុងការសន្ទនានោះ លោកស្រីត្រូវបានចោទប្រកាន់ថា បានមើលងាយលើការអនុវត្តរបស់យោធាថៃនៅក្នុងជម្លោះព្រំដែន។ ការដកលោកស្រីចេញពីតំណែងបានកើតឡើងបន្ទាប់ពីមានការតវ៉ាជាតិនិយមអស់ជាច្រើនសប្តាហ៍ ដែលដឹកនាំដោយក្រុមអាវលឿង ដែលជាចលនារាជានិយម និងអភិរក្សនិយម ដែលមានអរិភាពជយូរយារណាស់មកហើយចំពោះគ្រួសារ Shinawatra និងជាឧបករណ៍ដ៏សំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងកាលពីមុនដើម្បីទម្លាក់រដ្ឋាភិបាលរបស់ពួកគេ។ បើទោះបីជាបទឈប់បាញ់បានចូលជាធរមានចាប់តាំង ពីថ្ងៃទី២៨ខែកក្កដាក៏ដោយ ក៏អ្វីៗនៅតែមានភាពមិនច្បាស់លាស់។

រហូតមកដល់ពេលនេះ ប្រទេសថៃបានបដិសេធមិនដោះលែងទាហានខ្មែរយ៉ាងហោចណាស់ ១៨នាក់ ដែលត្រូវបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បាននិយាយថា «កាល
ពីដើមសប្តាហ៍នេះ កងទ័ពថៃ អមដោយគ្រឿងចក្រធុនធ្ងន់ បានចូលមកកាន់ផ្នែកខ្លះនៃដែនអធិបតេយ្យភាពរបស់កម្ពុជា និងបានដាក់លួសបន្លា បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីកងទ័ពកម្ពុជាក៏ដោយ»។

ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីកម្ពុជាបានរៀបចំដំណើរទស្សនកិច្ចរបស់ អនុព័ន្ធយោធាបរទេសទៅកាន់ទីតាំងទាំងនោះដើម្បីបង្ហាញពីតំបន់ដែលស្ថិតនៅ
ក្នុងទឹកដីរបស់កម្ពុជា៕

...

ប្រភព ៖ (PRU)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print