ខេត្តត្បូងឃ្មុំ-ក្រចេះ ៖ ដោយសារតែភ្លៀងបានធ្លាក់ជាប់ៗគ្នាជាច្រើនមេ ជាហេតុធ្វើឱ្យទឹកព្រែកឆ្លូង នៅភូមិបល្ល័ង្គ ឃុំដំរីផុង មានព្រំប្រទល់ជាប់ជាមួយឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានហក់ឡើង ជាហេតុធ្វើឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរងការជន់លិចប៉ះពាល់ចំនួន៨៨គ្រួសារ។ ជាមួយនោះ ក៏មានគ្រួសារខ្លះ ផ្ទះត្រូវទឹកលិចនៅមិនកើត បានបង្ខំចិត្តទៅកាន់ទីទួលសុវត្ថិភាព ហើយអាជ្ញាធរមូលដ្ឋាន បានក្រើនរំលឹកឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះក្មេងលង់ទឹក ពិសេស ចៀសវាងកុំឱ្យសត្វអសិរពិសខាំបង្កគ្រោះថ្នាក់ដល់អាយុជីវិត ។
អ្នកស្រី សឹម ស្រីពុំ មេឃុំដំរីផុងបានឲ្យដឹងថា ផ្ទះតូចធំរបស់ប្រជាពលរដ្ឋរស់នៅភូមិបល្ល័ង្គ ដោយសង់នៅបន្ត បន្ទាប់គ្នា គិតរហូតមកដល់ព្រឹកថ្ងៃទី៨ កញ្ញា ឆ្នាំ២០២៥ នេះ គឺទឹកព្រែកបានឡើងហៀរហូរមកចូលភូមិ ជាហេតុបណ្ដាលឱ្យលិចក្រោមផ្ទះពលរដ្ឋ។ ក្នុងនោះ មានពីរគ្រួសារត្រូវបានបិទទ្វារផ្ទះទៅរស់នៅទីទួលសុវត្ថិភាពក្នុងឃុំរំចេក ស្រុកមេមត់ ដោយឡែក គ្រួសារខ្លះទៀត បានមករស់នៅទីទួលសុវត្ថិភាពស្រែព្រៀកចំនួន៦គ្រួសារ សូមបញ្ជាក់ថា ព្រែកឆ្លងនេះ គឺតំបន់ទំនាប ពេលដែលភ្លៀងធ្លាក់មក គឺទឹកហូរពីគ្រប់ទិសទីចូលមកព្រែកនេះតែម្ដង។
មេឃុំដំរីផុងបន្តឲ្យដឹងទៀតថា ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ដោយទទួលបានរបាយការណ៍នៅ ភូមិ
បល្ល័ង្គ ឃុំដំរីផុង មានបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ជន់លិចចូលដល់ផ្ទះសម្បែងបងប្អូនទាំង៨៨គ្រួសារ ដែលរស់នៅទីនោះសរុប៣៦៧នាក់ ។ បន្ទាប់មក លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង បានដឹកនាំក្រុមការងារស្រុក ឃុំ ភូមិ យុវជន ចុះសួរ សុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នឹងបានចែកជូននូវចំណីអាហារមួយចំនួន និងថ្នាំបង្ការផ្សេងៗជូនដល់ស្ត្រីមានផ្ទៃពោះ កុមារ និងចាស់ជរា មានជំងឺ។ បន្ទាប់មកទៀត លោកស្រី មានប្រសាសន៍ក្រើន រំលឹកដល់បងប្អូន អំពីការថែទាំសុខភាពរបស់ខ្លួន ដូចជាការបរិភោគទឹកដាំពុះបរិភោគអាហារផ្សេងៗ ត្រូវមានអនាម័យល្អនិងមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស ជួយតាមដានចំពោះកុមារតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាស់ ព្រោះខណៈនេះទឹកព្រែកកំពុងជន់លិចខ្លាំង ។
លោកស្រីអភិបាលស្រុកឆ្លូងបានថ្លែងអំណរគុណដល់អង្គការPin ដែលបានផ្តល់ទូកសង្គ្រោះចំនួន២គ្រឿង អាវពោងចំនួន២៥អាវ ជូនដល់គណៈកម្មាធិការគ្រោះមហន្តរាយឃុំដើម្បីយកមកប្រើប្រាស់ជាប្រយោជន៍រួមជូនដល់បងប្អូន ដែលកំពុងរងផល ប៉ះពាល់ដោយទឹកជំនន់ នឹងត្រៀមបង្ការពីគ្រោះមហន្តរាយ កើតមានឡើងដោយយថាហេតុ។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅភូមិបល័ង្គលើកឡើងថានៅតំបន់នេះមិនមានអគ្គិសនីប្រើប្រាស់នោះទេ ឱ្យតែដល់រដូវប្រាំងគឺពលរដ្ឋពិបាកក្នុងការរស់នៅបន្តិចដោយសារកត្តាអាកាសធាតុក្តៅ។ ចំណែកផ្លូវលំនៅភូមិ បល្ល័ង្គប្រវែង៦០០០ម៉ែត្រ បានរងការខូចខាតដោយសារទឹកជំនន់ហូរច្រោះដាច់ ហើយបើពេលអនាគតមានការគិតគូរពីថ្នាក់ដឹកនាំខេត្តទីនេះប្រែក្លាយទៅជាផ្លូវបេតុងនោះភ្លើងអគ្គិសនីនិងមកដល់៕