ខេត្តកំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០២៥បានចេញសេចក្តីជូនដំណឹងមួយស្តីពីការអនុវត្តការបាញ់ស៊ីបគ្រាប់ពិត របស់កម្មសិក្សាការី នៃកងយោធពលខេមរភូមិន្ទ ក្នុងវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខណ្ឌ ឱ្យកងទ័ពជើងគោកវគ្គទី២ ឆ្នាំ២០២៥។
រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយសសូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងសាធារណជនមេត្តាជ្រាបថា កម្មសិក្សាការី នៃកងយោធពលខេមរភូមិន្ទក្នុងវគ្គហ្វឹកហ្វឺនពលទាហាន ថ្មីបំពេញក្របខណ្ឌឲ្យកងទ័ពជើងគោកវគ្គទី២ ឆ្នាំ២០២៥ នឹងអនុវត្តការបាញ់គ្រាប់ពិតប្រភេទកាំភ្លើងដៃ ស្វ័យប្រវត្តិ AK.47 កាំភ្លើងយន្តធុនស្រាល RPK និង PKMS នៅក្នុងទីតាំងកងវរសេនាតូចលេខ ៤៤៨ ស្ថិតក្នុងភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦:០០នាទីព្រឹកដល់ម៉ោង ៥:០០នាទីល្ងាច ។
ក្នុងន័យនេះ ដើម្បីបង្ការ និងជៀសវាងនូវគ្រោះថ្នាក់កើតមានជាយថាហេតុ សូមសាធារណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងបាញ់គ្រាប់ពិត កុំចូលទៅប្រកបការងារ ឬឆ្លងកាត់ តំបន់ខាងលិច និងតំបន់ប៉ែកខាងលិច ឆៀងខាងត្បូង ទីតាំងកងវរសេនាតូចលេខ៤៤៨ ដោយត្រូវ នៅឲ្យឆ្ងាយយ៉ាងហោចណាស់ ៥.០០០ម៉ែត្រ ទៅ ៨.០០០ម៉ែត្រ ពីទីតាំងខាងលើ ។
សេចក្តីដូចបានជម្រាបជូនដំណឹងខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តា ជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា