ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយលោក Zheng Haiyang អភិបាលរងនៃគណៈអភិបាលខេត្តហឺណាន ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណាននៃសាធារណរដ្ឋប្រជាមានិតចិន។
មានមតិក្នុងជំនួបខាងលើ លោកអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូដែលបានធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់ឱ្យកាន់តែជាក់ច្បាស់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ លោកអគ្គលេខាធិការបានរំលឹកឡើងវិញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីគ្រប់រដូវកាលប្រកបដោយភាពស៊ីជម្រៅ និងជាក់ស្តែង ដែលនាំមកនូវផលប្រយោជន៍រូបវន្តដល់ប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការក៏បានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំនៃរដ្ឋាភិបាលចិន និយាយជារួម និយាយដោយឡែកថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តហឺណានដែលតែងតែខិតខំជំរុញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលកិច្ចគាំទ្រនេះបានក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការវិនិយោគមកពីប្រទេសចិននៅកម្ពុជាមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។ បន្ថែមលើនេះ លោកអគ្គលេខាធិការបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំខេត្តហឺណាននឹងបន្តជំរុញវិនិយោគិនពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បី (១) ផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចសម្រាប់ផ្គត់ផ្គង់សហគ្រាសដែលបម្រើដល់ការនាំចេញក្នុងទម្រង់ជាប្រព័ន្ធអេកូឡូស៊ី និង (២) អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសឯកទេសផ្នែកកសិ-ឧស្សាហកម្មសម្រាប់ប្រមូលផ្តុំសហគ្រាសកែច្នៃ, បង្កើនតម្លៃបន្ថែម និងជំរុញស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលកសិកម្ម។
ជាការឆ្លើយតប លោកអភិបាលរងបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការ និងសហការីដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃរដ្ឋបាលខេត្តហឺណាន។ ឯកឧត្តមបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះភាពល្បីល្បាញរបស់កសិផលកម្ពុជាដែលបាន និងកំពុងមានវត្តមានជាបន្តបន្ទាប់នៅលើទីផ្សារខេត្តហឺណាន។ ស្របគ្នានេះ លោកបានគូសរំលេចអំពីឧត្តមភាពប្រៀបធៀបរបស់ខេត្តហឺណានដែលជាខេត្តមានភាពល្បីល្បាញខាងផ្នែកវប្បធម៌, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, កសិ-ឧស្សាហកម្ម និងឧស្សាហកម្ម។ ជាកិច្ចបញ្ចប់ ឯកឧត្តមបានបង្ហាញជំនឿយ៉ាងមុតមាំថា ខេត្តហឺណាននឹងបន្តចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
សូមជម្រាបជូនផងដែរថា ខេត្តហឺណានគឺជាខេត្តដ៏មានសក្តានុពលមួយរបស់សាធារណរដ្ឋប្រជាមានិតចិនដែលលាតសន្ធឹងតាមបណ្តោយទន្លេលឿង និងមានផ្ទៃដីសរុបចំនួន១៦៧.០០០គីឡូម៉ែត្រការ៉េ និងប្រជាជនសរុបប្រមាណ៩៨លាននាក់៕
ប្រភព ៖ (CCFR)