ខេត្តកំពង់ឆ្នាំង ៖ នគរបាលក្រុងកំពង់ឆ្នាំងបានឃាត់ខ្លួនជនម្នាក់ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ បន្ទាប់ពីជននេះលួចទូរស័ព្ទរបស់អ្នកជំងឺ និងអ្នកកំដរ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តខេត្តកំពង់ឆ្នាំង កាលពីវេលាទៀបភ្លឺ ។
មន្ត្រីនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ជនសង្ស័យឈ្មោះលឹម មាសម៉ារ៉ា អាយុ៤៥ឆ្នាំ មានទីលំនៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ ជនសង្ស័យបានចូលទៅសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត លុះនៅវេលាម៉ោងប្រមាណ៤ទៀបភ្លឺថ្ងៃទី០៩ ខែកញ្ញា ២០២៥ ឃើញឱកាសល្អ គ្រាដែលអ្នកជំងឺនិងអ្នកកំដរកំពុងលង់លក់ក្នុងដំណេក ជននេះក៏ឆ្លៀតឱកាសដើរលួចទូរស័ព្ទតាមគ្រែអ្នកជំងឺនិងអ្នកកំដរបានចំនួន៤គ្រឿង រួចហើយគេច ខ្លួនទៅបាត់ ។
ប្រភពដដែលបន្តថា បន្ទាប់ពីមានករណីនេះកើតឡើង សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះចំនួន៣នាក់៖១-ឈ្មោះខេង លក្ខិណា ភេទស្រី អាយុ៣៩ឆ្នាំ រស់ នៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង បាត់ ទូរស័ព្ទ១គ្រឿង,២-ឈ្មោះ លឹម សុង ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បាត់ទូរស័ព្ទ២គ្រឿងនិង៣-ឈ្មោះ អ៊ុំ ស៊ិន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិជំទាវស្រុក ឃុំច្រេស ស្រុកកំពង់ត្រឡាច បាត់ទូរស័ព្ទ១គ្រឿង ។
ក្រោយពេលទទួលបានព័ត៌មានពីជនរងគ្រោះ នគរបាលក្រុងកំពង់ឆ្នាំងបានកំណត់មុខសញ្ញា និងសហការជាមួយអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចាប់ខ្លួនជនសង្ស័យដល់លំនៅឋាន និងដករហូតវត្ថុតាងទូរស័ព្ទទាំង៤គ្រឿងមកវិញ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយថា ខ្លួនពិតជាបានលួចទូរស័ព្ទទាំង៤គ្រឿងនោះប្រាកដមែន ហើយសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវ ច្បាប់ ។ ចំណែកទូរស័ព្ទទាំង៤គ្រឿងប្រគល់ជូនម្ចាស់ដើមវិញ ៕