សារព័ត៌មាន Reuters បានផ្សាយថា អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី នាថ្ងៃពុធ ទី១០ ខែកញ្ញា បានឱ្យដឹងថា ទឹកជំនន់បានកើតមានឡើងនៅ កោះទេសចរណ៍ Bali ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោច ៦នាក់ស្លាប់ និងជន់លិចផ្លូវធំៗនៅក្នុងរដ្ឋធានីរបស់កោះនេះ។ ដោយឡែកនៅខេត្ត East Nusa Tenggara ក៏មាន៤នាក់ស្លាប់ និងមួយចំនួនបាត់ខ្លួនផងដែរ។
ប្រធានទីភ្នាក់ងាររុករកនិងជួយសង្រ្គោះប្រចាំកោះ Bali បានប្រាប់ថា ការធ្លាក់ភ្លៀងខ្លាំងជោគជាំ តាំងពីយប់ថ្ងៃអង្គារ រហូតមកដល់ព្រឹកថ្ងៃពុធនេះ បានសម្លាប់មនុស្សយ៉ាងហោច៤នាក់ នៅទីក្រុង Denpasar ដែលជារដ្ឋធានីរបស់កោះ Bali។ បន្ថែមពីលើនេះ មនុស្ស២នាក់ផ្សេងទៀតក៏បានបាត់បង់ជីវិតផងដែរ និង៨៥នាក់ត្រូវបានជម្លៀសទៅកន្លែងសុវត្ថិភាព នៅតំបន់ Jembrana។
បើតាមប្រភពដដែល នៅខេត្ត East Nusa Tenggara ឯណោះវិញ ក៏មានមនុស្ស៤នាក់ស្លាប់ផងដែរ និងមួយចំនួនទៀតបន្តបាត់ខ្លួន ក្រោយការវាយប្រហារពីទឹកជំនន់ភ្លាមៗ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ៕